(ភ្នំពេញ)៖ ស្របពេលឱកាសបុណ្យឆ្លងឆ្នាំសកល ដែលនឹងឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍នៅទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ព្រោះថាចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់មួយនេះ កំពុងតែកើនឡើងនៅរយៈពេលចុងក្រោយនេះ។

ក្រៅពីដាក់បទបញ្ជាបែបនេះសម្ដេច ស ខេង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាលចរាចរណ៍ទាំងដែរថា ការអនុវត្តច្បាប់ចរាចរណ៍ ត្រូវតែធ្វើឡើងក្នុងក្របខណ្ឌច្បាប់ មិនត្រូវគាប់សង្កត់ពលរដ្ឋ ឬធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយពលរដ្ឋណាមួយជាដាច់ខាត ដោយមន្ដ្រីនគរបាលត្រូវប្រកាន់ឥរិយាបថសុភាពរាបសារ ​ម៉ឺងម៉ាត់ និងគោរពវិន័យ​។

ថ្លែងក្នុងមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងទាំអស់គ្នាដែលជាសមត្ថកិច្ច ត្រូវតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបំពេញភារកិច្ច ពិសេសទាក់ទងនឹងការងារចរាចរណ៍នេះ កំពុងតែមានការវិវត្តន៍ គួរឲ្យមានការព្រួយបារម្ភ ពិសេសរយៈពេល២ខែចុងក្រោយនេះដែលគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង»។

បន្ថែមពីនេះ សម្ដេច ស ខេង ក៏បានលើកឡើងដែរថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមួយរយៈពេលចុងក្រោយនេះ ភាគីច្រើនកើតមានទៅលើអ្នកបើកបរម៉ូត ដោយមិនបានពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមការកំណត់។

​ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង, លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏បានធ្វើការប្ដេជ្ញាចិត្តផងដែរថា នឹងបង្កើន ក៏ដូចជាពង្រឹងកម្លាំងនគរបាលរបស់លោក ដើម្បីអនុវត្តច្បាប់ចរាចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។

ក្នុងបទសម្ភាសន៍ជាមួយ​អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ មេប៉ូលីសចរាចរណ៍រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ជាទូទៅយើងអនុវត្តច្បាប់ជានិច្ច ប៉ុន្ដែក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងនេះ យើងនឹងបង្កើនកម្លាំងបន្ថែមទៀតដើម្បីអនុវត្ត ពិសេសការត្រួតពិនិត្យនូវជាតិស្រវឹង ត្រូវតែដាក់លើសពីផែនការកំណត់»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍​ឯក រុន រ័ត្នវាសនា ក៏បានអំពាវនាវ និងជំរុញឲ្យមន្ដ្រីរាជការ ប្រជាពលរដ្ឋ ដែលប្រើប្រាស់នូវទោចក្រយានយន្ដទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាពឲ្យគ្រប់ៗគ្នា ដើម្បីកាត់បន្ថយនូវការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅពេលដែលអ្នក​ប្រើប្រាស់ម៉ូតូ ដោយមិនបានពាក់មួកសុវត្ថិភាព។

សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ទៅលើអ្នកដែលមិនពាក់មួក ពិសេសមន្ដ្រីរាជការនោះ អគ្គស្នងការនគរបាលជាតិ តាមរយៈនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ​ប្រកាសមិនអនុញ្ញាតឲ្យអ្នកបើកបរម៉ូតូណា ដែលមិនពាក់មួកសុវត្ថិភាព ចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិនោះទេ ដោយតម្រូវឲ្យរកមួកមកពាក់ និង​ធ្វើការណែនាំជាមុនសិន​ទើបអនុញ្ញាតឲ្យចូល។

ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះតទៅ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា នឹងដាក់កម្លាំងនគរបាលចរាចរណ៍​ នៅច្រកចេញចូលក្រសួងមហាផ្ទៃ តាមបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការអប់រំណែនាំដល់មន្ដ្រីរាជការ ដែលចំណុះឲ្យក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាពបើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យក្រសួងជាដាច់ខាត់។

តាមរបាយការណ៍រយៈពេល១១ខែឆ្នាំ ២០១៧ របស់អនុគណៈកម្មការត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបង្ហាញថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣,២៣៤លើក បណ្តាលអោយស្លាប់ចំនួន១,៦១៧នាក់ និងរងរបួសចំនួន៥១០៧នាក់។ ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន គ្រោះថ្នាក់ថយចំនួន១០៤លើក ស្មើនឹង៣% ស្លាប់៎កើន៤១នាក់ ស្មើនឹង២.៦% របួសថយចុះ ៨៥៥នាក់ ស្មើនឹង១៤% បង្កើឡើងដោយល្មើសល្បឿនកំណត់ ៣៦% មិនគោរពសិទ្ធិ ១៧%, មិនប្រកាន់ស្តាំ ១៣%, វ៉ាជែង១១%, បត់មិនប្រយ័ត្ន១០%, ស្រវឹង១០%, កក្តាយានយន្ត៤%, និង ងងុយគេង១% ។ សំគាល់៖ អ្នកស្លាប់ជាអ្នកជិះម៉ូតូមានចំនួន៧៦% (៨៣% មិនពាក់មួក)៕