(ក្រចេះ)៖ យោងតាមការបញ្ជាក់ពីក្រុមកាងារកងឯកភាពកំចាត់មីនទី៥ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ក្រុមការងារកងឯកភាពកំចាត់មីនទី៥ មានមូលដ្ឋាននៅខេត្តត្បូងឃ្មុំ បានដាក់កម្លាំងចំនួន៥ក្រុម ដាច់ដោយឡែកពីគ្នាតាមបណ្តាស្រុក ទូទាំងខេត្តខេត្តក្រចេះទាំងមូល និងបានចូលរួមសហការជាមួយគណៈកម្មការ សកម្មភាពកំចាត់មីនថ្នាក់ខេត្ត បានចុះប្រតិបត្តិការស្វែងរកចំការមីន និងគ្រាប់មីន កាក់សំណល់មិនទាន់ផ្ទុះសល់ពីសង្រ្គាម មានប្រភេទគ្រាប់បែក អំបែងគ្រាប់ទូទាំងខេត្តក្រចេះ។
ការបោសសំអាត និងការស្វែងរុករករបស់ក្រុមការងារពេញមួយឆ្នាំ២០១៧ បានរកឃើញកាក់សំណល់មិនទាន់ផ្ទុះជាង២០០០គ្រាប់ និងបានកម្ទេចចោលកាក់សំណល់មិនទាន់ផ្ទុះជាង៣០០០គ្រាប់ ដែលចំនួនគ្រាប់ទាំងនោះ ក្រុមការងារបានស្រាវជ្រាវរកឃើញមាន ស្រុកចំនួន៥ ចិត្របុរី ស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល។
ការអនុវត្តការងារបានល្អប្រសើរពេញមួយឆ្នាំនេះ ដោយមានការសហការល្អរវាងក្រុមការងារកងឯកភាព និងអាជ្ញាធរខេត្តដែលមានលោក វ៉ា ថន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសកម្មភាពកំចាតមីនខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់ផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក្រចេះ បានថ្លែងថា ការស្វែងរុករកគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ វាមិនម៉ែនជារឿងងាយស្រួលទេ ព្រោះវានៅក្នុងព្រៃ ក្នុងដីកប់ជ្រៅ ហើយយើងទៅដើររកវា រកមិនត្រូវជាន់ប៉ះ រងគ្រោះខ្លួនឯង ជាពិសេសពលរដ្ឋដែលគាត់មិនដឹង នៅតាមដីស្រែចំការ ដីព្រៃរានថ្មីជាដើម។
ទោះបីជាបែបនេះក្តី អាជ្ញាធរខេត្ត បានសំណូលពរដល់ក្រុមការងារខេត្ត សហការជាមួយកងឯកភាពកំចាត់មីនទី៥ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម ប្រមូលព័ត៌មានភូមិសាស្រ្ត ដែលមានការប្រែប្រួល ដើម្បីបានទិន្ន័យជាក់លាក់ ច្បាស់លាស់ ងាយស្រួលដោះបញ្ហា ហើយត្រូវរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះសល់ពីសង្រ្គាម៕