(ភ្នំពេញ)៖ គ.ជ.ប នឹងបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៤ ឆ្នាំ២០១៨ នៅតាមការិយាល័យ ៣៣ទូទាំងរាជធានី/ខេត្ត ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧តទៅ ដើម្បីឱ្យអង្គបោះឆ្នោតនានា ពិនិត្យឈ្មោះ និងប្តឹងតវ៉ាអំឡុងពេល១០ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសគ.ជ.ប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

សេចក្តីប្រកាសរបស់គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានការិយាល័យចំនួន៣៣ នៅក្នុង២៥រាជធានី/ខេត្ត ដោយមានអង្គបោះឆ្នោតសរុប ១១,៦៩៥នាក់ ក្នុងនោះមាន ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន ១១,៥៧២នាក់ និង តំណាងរាស្រ្តក្នុងតំណែង ១២៣នាក់។

បញ្ជីបោះឆ្នោតដំបូង ត្រូវបិទផ្សាយជាសាធារណៈរយៈពេល១០ថ្ងៃ។ ក្នុងរយៈពេលកំណត់នេះ ជនណាក៏ដោយ មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងនេះបាន។ ការដាក់ពាក្យត្រូវធ្វើនៅ គធ.ខប។

គ.ជ.ប ក៏បានអំពាវនាវឱ្យអង្គបោះឆ្នោតទាំងអស់ ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូង នៅតាមការិយាល័យបោះឆ្នោត ឬមើលក្នុងគេហទំព័រ Voterlist.org.kh ផងដែរ៕