(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញគោលជំហរចង់ឲ្យថ្នាក់ដឹកនាំនគរបាល គួរតែពង្រឹងកម្លាំងនគរបាលដែលមានស្រាប់ ប្រសើរជាងរើសកម្លាំងថ្មីបន្ថែម ដែលតម្រូវឲ្យរដ្ឋចំណាយលុយច្រើនជាងមុន។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មូលហេតុដែលសម្ដេចមិនចង់ឲ្យរើសកម្លាំងថ្មីបន្ថែមច្រើនបែបនេះ ក៏ព្រោះតែចង់ឲ្យការងារកាន់តែមានប្រសិទ្ធភាព ហើយមិនចង់ឲ្យមានចំនួនមនុស្សច្រើន ប៉ុន្ដែប្រសិទ្ធភាពការងារនៅតែដដែល។
សម្ដេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងនៅសល់កិច្ចការខ្លះដែលយើងត្រូវបន្ដកែទម្រង់ ពិសេសការលើកកម្ពស់គុណភាព សមត្ថភាព ជារួមការកសាងសមត្ថភាពឲ្យមន្ដ្រីនគរបាលរបស់យើង មិនមែនទៅរើសប្រឡងចូលអ្នកដែលមានស6មត្ថភាពស្រាប់នោះទេ ប៉ុន្ដែបើមានក៏ល្អដែរ ប៉ុន្ដែយើងអភិវឌ្ឍន៍នៅហ្នឹងកន្លែង មានន័យថា ធ្វើបង្ហាត់បង្រៀនមនុស្សដែលយើងមានស្រាប់ កសាងសមត្ថភាព ឲ្យអ្នកហ្នឹង ហើយបើថាកសាងទៅលែងទៅ ចឹងបានយើងរើសថ្មី ដើម្បីជៀសវាងនូវការចំណាយថវិការបស់រដ្ឋ»។
ការថ្លែងបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងមហាសន្និបាត សមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ នៅក្រសួងមហាផ្ទៃ។
សូមជម្រាបថា ក្នុងមួយឆ្នាំៗក្រសួងមហាផ្ទៃ បានប្រកាសរើសមន្ដ្រីនគរបាលក្របខណ្ឌថ្មីបន្ថែម ចន្លោះពី៥,០០០នាក់ ទៅ៦,០០០នាក់ ដើម្បីបំពេញបន្ថែមជំនួសមន្ដ្រីនគរបាលដែលបានចូលនិវត្តន៍ និងបាត់បង់សមត្ថភាពក្នុងការបំពេញការងារជាដើម៕