(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់មន្ត្រីសុរិយោដីក្នុងខេត្ត កុំឲ្យយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្ខពួក និងគ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីឯទៀត ពិសេសត្រូវគ្រប់គ្រងការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ ដូចទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព»។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក ម៉ៅ ធនិន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុរិយោដីប្រមាណ ៨០នាក់ នៅមន្ទីររៀបចំដីដែន នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។
បន្ទាប់ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿម បានរាយការណ៍ពីស្ថានភាពទូទៅក្នុងវិស័យសុរិយោដី ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងបញ្ហាប្រឈមមួយចំនួនរួចមក លោក ម៉ៅ ធនិន បានកោតសរសើរដល់មន្ត្រី ក៏ដូចជាបុគ្គលិកកិច្ចសន្យានៃមន្ទីរដែនដីខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ក្រមសីលធម៌ និងភាពទទួលខុសត្រូវ។
លោក ម៉ៅ ធនិន បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គមជាតិទទួលបានសុខសន្តិភាព ស្ថិរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្របានជាបណ្តើរៗ។
ជាមួយគ្នានេះ លោកបានណែនាំដល់មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ទាំងអស់ គប្បីយកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម ហើយលោកបានផ្តល់លេខទូរស័ព្ទទាំង២ប្រព័ន្ធ ដើម្បីរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ជុំវិញភាពមិនប្រក្រតីណាមួយកើតឡើង។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃដល់អ្នកចូលរួមប្រមាណ ៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ ចំណែកមន្ត្រីមានផ្ទៃពោះទទួលបានសារុង៥ផងដែរ៕