(ភ្នំពេញ)៖ ដើម្បីឲ្យវិស័យសុខាភិបាលដើរទៅមុខដោយរលូន ត្រូវតែមានធាតុផ្សំសំខាន់ៗបីយ៉ាង ដែលធាតុផ្សំទាំងនោះរួមមាន៖ ១៖ កត្តាសំភារៈ ២៖ កត្តាចំណេះដឹង និងកត្តាទី៣៖ គឺកត្តាសីលធម៌វិជ្ជាជីវៈ ដែលកត្តារួមផ្សំទាំងបីនេះហើយ ទើបធ្វើឲ្យវិស័យសុខាភិបាលកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ, នេះបើតាមការលើកឡើងពី លោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងកម្មវិធីជួសជុលអាគារចាស់ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្ដាចារ្យ បានពន្យល់លម្អិតថា «កត្តាទាំងបីនេះរួមមាន កត្តាសម្ភារៈ មានន័យថា ប្រសិនបើមន្ទីរពេទ្យគ្មានសម្ភារៈនិយមទេ តើអាចព្យាបាលអ្នកជំងឺឲ្យឆាប់ជាសះស្បើយដោយរបៀបណា, ទី២៖ កត្តាចំណេះដឹង បានន័យថា គ្រូពេទ្យទាំងអស់ត្រូវមានចំណេះជំនាញច្បាស់លាស់ និងកត្តាទី៣ កត្តាសីលធម៌វិជ្ជាជីវៈ មានន័យថាគ្រូពេទ្យទាំងអស់ត្រូវមានសីលធម៌ក្នុងខ្លួន ក្នុងការអភិវឌ្ឍកិច្ចការជាគ្រូពេទ្យនេះ ហើយជាធាតុសំខាន់ ដើម្បីបម្រើសេវាព្យាបាលសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធិភាព»។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានបញ្ជាក់ឲ្យដឹងទៀតថា «ក្នុងមួយឆ្នាំៗមន្ទីរពេទ្យ តែងតែងទទួលបាន ការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការផ្ដល់សេវារបស់យើងកាន់តែមានប្រសិទ្ធិភាព។ ក្នុងមួយឆ្នាំៗ យើងតែងតែគិត និងព្យាយាមធ្វើយ៉ាងណា ឲ្យការផ្ដល់សេវារបស់យើងកាន់តែមានគុណភាព និងប្រសិទ្ធភាពឲ្យតាមទាន់តាមបណ្ដាប្រទេសជុំវិញឲ្យមានលក្ខណៈស្ដង់ដារ»។
លោកបានបន្ដទៀតថា បច្ចុប្បន្ននេះមានការសម្ពោធអាគារជាច្រើនផ្សេងៗ ដោយមានអគារក្នុងការទទួលភ្ញៀវ កន្លែងពិគ្រោះជំងឺជាដើម។ កន្លងមកសង្កេតឃើញថា រយៈពេល៤-៥ឆ្នាំចុងក្រោយនេះ យើងក៏បានទទួលអាគារមួយសម្រាប់ព្យាបាលអ្នកជំងឺចាស់ជរាផងដែរ។
លោកបញ្ជាក់ទៀតថា សម្រាប់ខែក្រោយ ឆ្នាំ២០១៨ នេះក៏នឹងមានការសម្ពោធអគារសម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចនឹងអញ្ជើញជាអធិបតីផ្ទាល់ក្នុងកម្មវិធីសម្ពោធនេះផងដែរ។ នេះជាកន្លែងថ្មីមួយទៀតហើយ ដើម្បីផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ៕