(ភ្នំពេញ)៖ រាជរដ្ឋាភិបាលមិនមែនយកចិត្តទុកដាក់តែមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ចំពោះការដំឡើងប្រាក់បៀវត្សប្រចាំខែនោះ សូម្បីតែអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក៏ត្រូវបានដំឡើងប្រាក់សោធននិវត្តន៍ប្រចាំខែផងដែរ នៅឆ្នាំ២០១៨ខាងមុខនេះ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីរាជការដែលចូលនិវត្តន៍ និងអតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់សោធននិវត្តន៍។

លោកបន្តថា ចាប់ពីខែមេសា ឆ្នាំ២០១៨ និវត្តន៍ជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នឹងទទួលបានប្រាក់សោធន៍ទាបបំផុតចំនួន៤៨ម៉ឺនរៀលក្នុង១ខែ ដែលកើនឡើងពី៤២ម៉ឺនរៀលក្នុងឆ្នាំ២០១៧, ពី៣៦ម៉ឺនរៀលក្នុងឆ្នាំ២០១៦ និង ពី៣០ម៉ឺនរៀលក្នុងឆ្នាំ២០១៥។

លោករដ្ឋលេខាធិការដដែលរូបនេះ បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ និវត្តន៍ជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អាចទទួលរបបសោធននិវត្តន៍ ទាបបំផុតពី៤៨ម៉ឺនរៀល ដល់ខ្ពស់បំផុត ៩៣៧,០០០រៀលក្នុង១ខែ។ ចំណែកឯអតីតយុទ្ធជន ដែលជាអតីតយោធិន និងមន្ត្រីនគរបាលជាតិ អាចទទួលរបបសោធននិវត្តន៍ប្រចាំខែ ទាបបំផុតពី៤៨ម៉ឺនរៀល ដល់ខ្ពស់បំផុតជាង២លានរៀលក្នុង១ខែ។

លោក យក់ ប៊ុនណា បានឲ្យដឹងទៀតថា និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលជាអតីតយោធិន និងមន្ត្រីនគរបាលជាតិ នឹងទទួលបានការផ្តល់បន្ថែមរបបសោធននិវត្តន៍ប្រចាំខែ ចាប់ពីខែមេសា ឆ្នាំ២០១៨ផងដែរ ដូចបានអនុវត្តកន្លងមក ដែលរបបសោធនបន្ថែម អាចមានពី១ម៉ឺនរៀល ដល់៦ម៉ឺនរៀល ផ្អែកលើកម្រិតនីមួយៗ៕