(ត្បូងឃ្មុំ)៖ អំពើឃាតកម្មប្លន់សម្លាប់២នាក់ប្តី-ប្រពន្ធ ដែលជាអ្នករកស៊ីលក់ទិញម៉ូតូ ស្ថិតនៅភូមិ៧ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៧កន្លងទៅ រហូតមកដល់ពេលនេះ ក្រុមឃាតកទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល តាមចាប់បានអស់ហើយ ដោយមេឃាតកត្រូវចាប់ខ្លួននៅថ្ងៃនេះតែម្តង។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ប្រតិបត្តិការតាមបំបែកអំពើឃាតកម្ម ប្លន់សម្លាប់ជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធនេះបានឡើងរវាងកម្លាំងនគរបាលពាក់ព័ន្ធរបស់លោក តាំងពីថ្នាក់មូលដ្ឋានដល់ស្នងការដ្ឋាន សហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលខេត្តប៉ៃលិន និងកម្លាំងនគរបាលនាយកដ្ឋានបច្ចេកទេសស៊ើបការក្រៅ នៃអគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងមានការសម្របសម្រួលពីស្ថាប័នអយ្យការ និងតុលាការខេត្តត្បូងឃ្មុំ។
បើតាមលោកស្នងការជនសង្ស័យចំនួន២នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែតុលា ហើយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ មេឃាតកម្នាក់ទៀត ដែលទើបចេញពីពន្ធនាគារត្រូវបានចាប់ខ្លួនដូច្នេះ ក្រុមពាក់ព័ន្ធនៃអំពើឃាតកម្មត្រូវបានបំបែកអស់ហើយ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ ជ្រូក ចាន់ អាយុ៤៤ឆ្នាំ ទី២-ឈ្មោះ មួន ជ្រាយ អាយុ៤១ឆ្នាំ ដែលពួកគេទាំង២នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ ដោយឡែកជនសង្ស័យដែលជាមេឃាតកចុងក្រោយឈ្មោះ អ៊ី សារី អាយុ៥០ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃនេះតែម្តង ដោយជនសង្ស័យរូបនេះទើបចេញពីពន្ធនាគារ ខណៈប្រពន្ធរបស់ខ្លួនកំពុងជាប់នៅក្នុងពន្ធនាគារនៅឡើយ ដោយសារបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះ២នាក់ប្តី-ប្រពន្ធ ដែលប្តីឈ្មោះ គីម សេងគាង អាយុ៤៨ឆ្នាំ មុខរបរលក់ និងទិញម៉ូតូ និងប្រពន្ធឈ្មោះ ហួយ ពៅ អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវបានជនសង្ស័យទាំង៣នាក់ ចូលប្លន់តែមិនបានសម្រេច ក៏សម្លាប់ពួកគេចោលតែម្តង។
សម្រាប់ស្ថានភាពសន្តិសុខនៅខេត្តត្បូងឃ្មុំទាំងមូល ត្រូវបានលោកស្នងការបញ្ជាក់ថា ពេញមួយឆ្នាំ២០១៧នេះ បទល្មើសថយចុះរហូតដល់៥០ភាគរយ ខណៈមុខសញ្ញានៃបទល្មើសត្រូវ បានចាប់ខ្លួនរហូតដល់១០០ភាគរយតែម្តង ពោលគ្មានសល់ជនល្មើសណាមួយនោះឡើយ។ ដោយឡែក សម្រាប់ប៉ុស្តិ៍រដ្ឋបាលទាំង៦៤វិញ គឺមានប៉ុស្តិ៍រដ្ឋបាលចំនួន៦៣ បានទទួលចំណាត់លេខ១ សម្រាប់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខណៈមួយប៉ុស្តិ៍ទៀតទទួលបានលេខ២៕