(ភ្នំពេញ)៖ ផលិតកភាពយន្តរឿង «មនុស្សឆ្កួត» បានថ្លែងអះអាងថា ទោះបីជាភាពយន្តបែបកំប្លែងមួយនេះ បានបង្កើនការចំណាយ លើសពីគម្រោងយ៉ាងណាក្ដី ប៉ុន្តែនៅពេលដាក់បញ្ចាំង តាមរោងភាពយន្តនានា គឺនឹងទទួលបានការគាំទ្រច្រើន និងជោគជ័យ ជាមិនខាន។
ការប្រកាសឲ្យដឹងបែបនេះ ត្រូវបានធ្វើឡើង ខណៈដែលផលិតកម្ម អិលឌី (LD) បានដាក់សម្ពោធជាផ្លូវការ នូវវណ្ណកម្មរឿងថ្មី គឺរឿង «មនុស្សឆ្កួត» នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Legend សាខាទួលគោក ខណៈរឿង «មនុស្សឆ្កួត» នឹងត្រូវលក់សំបុត្រឲ្យមហាជនចូលទស្សនា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះតទៅ នៅគ្រប់រោងភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ។
លោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD ថ្លែងឲ្យដឹងថា រឿង «មនុស្សឆ្កួត» មិនដឹងអ្នកទស្សនាទទួលយកបានឬអត់ទេ តែក្នុងចិត្តគិតថារឿងនេះ អាចនឹងទទួលជោគជ័យ ដោយសារតែលោកបានពង្រឹង លើគុណភាពជាគោល ហើយចាយប្រាក់វិញ ក៏អស់ច្រើន។ ប៉ុន្តែបើសិនទីផ្សារមាន លោកអត់ខ្លាចផលិតរឿងឲ្យ មានគុណភាពដូចបរទេស ឬប្រទេសជិតខាងទេ។ ភាពយន្តរឿង «មនុស្សឆ្កួត» ដែលជាការដឹកនាំសម្ដែង ដោយនាយ គ្រឿន ជាកាដូចុងឆ្នាំ និងដើមឆ្នាំថ្មី បូកទាំងបច្ចេកទេសទំនើប សហការគ្នា ធ្វើពីក្រុមការងារទាំងលើស ពីរឿងកន្លងមក។
ចាងហ្វាងផលិតកម្ម LD រូបនេះ បញ្ជាក់យ៉ាងថា «ដូចករណីរឿង "មនុស្សឆ្កួត" គឺចាយធនធានណាស់ យើងប្រឹងតាំងពីកាត់តប្លង់បច្ចេកទេស ពន្លឺ សំឡេងផងដែរ។ បើចង់ដឹងថា មានកម្រិតបែបណា មានតែអញ្ជើញបងប្អូនមកចូលរួមទស្សនាថា ម្តងនេះ អិលឌី ប្លែកយ៉ាងណា»។
ជាមួយគ្នា លោក លៀក លីដា ក៏បានស្នើឲ្យទស្សនិកជនមានការយោគយល់ ខណៈមានទស្សនិកជនខ្លះរិះគន់ថា រឿងខ្មែរ ធ្វើមិនដូចគេ ប៉ុន្តែអត់ដឹងថា យើងផលិតរឿងរងសម្ពាធអ្វីខ្លះនោះឡើយ ដូច្នេះត្រូវយល់ពីចំណុចនេះទាំងអស់គ្នា៕