(សៀមរាប)៖ ក្រោយពីដំណើរការការងាររយៈពេល១ខែរួចមក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសម្រេចការងារកាត់មែកឈើមួយចំនួន នៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រអង្គរ ដើម្បីលើកសម្រស់សោភ័ណភាពប្រាសាទអង្គរវត្ត ជាពិសេសប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ឲ្យកាន់តែមានភាពស្រស់ត្រកាលថែមទៀត។​

ការសម្រេចការងារខាងលើនេះ ត្រូវបានបញ្ជាក់ដោយលោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានព្រៃឈើ ក្នុងនោះលោកបានឱ្យដឹងថា កន្លងមក ដើមឈើទាំងនោះបានបិទបាំងសម្រស់ប្រាសាទធំ (ប្រាង្គកណ្តាល) នៃប្រាសាទអង្គរវត្ត ពិសេសបានបាំងប្លង់ថតរូបភាពល្អៗរបស់ភ្ញៀវទេសចរ។ ប៉ុន្តែបន្ទាប់ពីការកាត់លះមែកឈើឲ្យស្រឡះបែបនេះហើយ ភ្ញៀវទេសចរអាចឈរទស្សនាសម្រស់ប្រាង្គកណ្តាលអង្គរវត្តបានយ៉ាងច្បាស់ ចាប់ពីចំណុចលោកតារាជ្យទៅ។

លោកបានបញ្ជាក់ថា ដើមឈើដែលត្រូវកាត់មែកនោះ មានដូចជា ដើមស្នាយ ដើមអំពិលបារាំង ដើមពុទ្រា និងដើមពោធិ៍ជាដើម​ ហើយការកាត់មែកនេះ ធ្វើឡើងរយៈពេល១ខែមកហើយ ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអ្នកជំនាញ ពោលមិនធ្វើឲ្យប៉ះពាល់ដល់ទេសភាពវប្បធម៌ និងបុរាណវិទ្យាក្នុងតំបន់អង្គរនោះឡើយ៕