(ភ្នំពេញ)៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ ទើបទទួលបានជំនួយជាថវិកាចំនួន១,២០០,០០០ដុល្លារអាមេរិក ពីអង្គការ UNDP សម្រាប់រំដោះចំការមីនរយៈពេល១ឆ្នាំ (ឆ្នាំ២០១៨) នៅក្នុងខេត្តជាប់ព្រំដែនថៃ ចំនួនបីរួមមានខេត្ត ប៉ៃលិន, បាត់ដំបង និងបន្ទាយមានជ័យ។
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះថា ជំនួយរបស់អង្គការ UNDP នេះ ស៊ីម៉ាក់ទទួលបានតាមរយៈការដាក់ដេញថ្លៃ ដោយអាជ្ញាធរមីនកម្ពុជា។ ចំពោះថវិកាជំនួយទាំងនេះ UNDP ទទួលបានពីរដ្ឋាភិបាលអូស្រ្ដាលី ស្វីស កាណាដា ដើម្បីគាំទ្រដល់គម្រោងសកម្មភាពមីនមួយហៅថា «គម្រោងបោសសំអាតសម្រាប់ទិន្និផល Clearing for results» សម្រាប់រំដោះផ្ទៃដីចំការមីន នៅខេត្តប៉ៃលិន, បាត់ដំបង និងបន្ទាយមានជ័យ។
អគ្គនាយកដដែលរូបនេះ បានបញ្ជាក់ទៀតថា គម្រោងបោសសំអាតមីនដែលមានរយៈពេល១ឆ្នាំនេះ ស៊ីម៉ាក់នឹងពង្រាយកម្លាំងប្រតិបត្តិការរំដោះផ្ទៃដី ចំនួន៧,៥០០,០០០ម៉ែត្រការ៉េ។
លោកបន្តថា លើសពីនេះទៅទៀតនោះ អាជ្ញាធរមីននឹងអង្គការ UNDP ក៏បានសម្រេចបន្ថែមថវិកាចំនួន៧៥ម៉ឺនដុល្លារថែមទៀត ដល់ស៊ីម៉ាក់ សម្រាប់គម្រោងឆ្នាំ២០១៧ ដែលធ្វើសកម្មភាពបោសសំអាតមីន នៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងបន្ទាយមានជ័យ ឲ្យបន្ដប្រតិបត្តិការ រហូតដល់ខែមិថុនា ឆ្នាំ២០១៨។
អ្វីដែលគួរឲ្យកត់សំគាល់នោះ ក្នុងគម្រោងបោសសំអាតមីនដែលស៊ីម៉ាក ដែលទើបទទួលបានថវិកា១.២លានដុល្លារនេះ ក៏មានថវិការបស់រដ្ឋាភិបាលកាណាលដាផងដែរ ដែលប្រទេសនេះ បានត្រឡប់មកផ្ដល់ជំនួយដោះមីនដល់កម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់ជំនួយជាច្រើនឆ្នាំកន្លងមក។
សូមជម្រាបថា ក្នុងឆ្នាំ២០១៧ អង្គភាពស៊ីម៉ាក់ សំរេចបោសសំអាតដី មានបញ្ហាគ្រាប់មីន និងផ្ទៃដីចំការគ្រាប់បានចំនួន ៨,៦៣៦ហិចតា និងរុករកកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ័គ្រប់ប្រភេទបានចំនួន៣៧,៤៤៨គ្រាប់៕