(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងមហាសន្និបាត សមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤។
ក្នុងពិធីដែលធ្វើនៅក្រសួងមហាផ្ទៃ ក៏មានការចូលរួមពី សមាជិក សមាជិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំនគរបាលជាតិជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា បានបញ្ជាក់ថា សមាគមមិត្តនគរបាល បានដំណើរការអស់រយៈពេល៣អាណត្តិមកហើយ ក្នុងអាណត្តិទី៣នេះ សមាគមទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការកណ្ដាល គណៈកម្មាធិការមូលដ្ឋាននៅតាមនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ ធ្វើឲ្យមន្ដ្រីនគរបាលទាំងអស់មានជំនឿជឿជាក់លើសមាគមមិត្តនគរបាលជាតិកម្ពុជា។
របាយការណ៍ក៏បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិកចំនួន៦៦,៣៦២នាក់ ក្នុងនោះមានមន្ដ្រីនគរបាលចូលនិវត្តន៍ចំនួន ៨៦១០នាក់ និងមន្ដ្រីនគរបាលពិការដែលស្ម័គ្រចិត្ដនៅបន្ដជាសមាជិកភាពរបស់សមាគម២នាក់៕