(ព្រៃវែង)៖ ក្រោយសារព័ត៌មានក្នុងស្រុកមួយចំនួន បានចេញផ្សាយរិះគន់ផ្ទួនៗគ្នា ស្ដីពីករណីល្បែងស៊ីសង (ឆ្នោតវៀតណាម) មានទាំងដើរ ជិះកង់ និងជិះម៉ូតូកត់កន្ទុយលេខ រីកដូចផ្សិត យ៉ាងអនាធិបតេយ្យ ស្ទើរតែគ្រប់ទីកន្លែង ដែលកូនកញ្ច្រែងរបស់ស្ត្រីមេបនល្បែងដ៏ធំម្នាក់ឈ្មោះ វុន ម៉ាលី ធ្លាប់អួតអាងថា មានខ្សែធំៗ បាននិងកំពុងកើបប្រមូលយកលុយ យ៉ាងសប្បាយក្នុងមួយថ្ងៃៗ រាប់សឹបលាន។
ទីតាំងឆ្នោតស្ថិតនៅតាមបណ្ដោយផ្លូវគ្រោះក្រហម ខាងត្បូងទល់មុខផ្ទះឈ្មោះ ភឿន កយ ខាងលិចជាប់ផ្ទះឈ្មោះ ញ៉ែម រ៉ុណ និងឈ្មោះ ម៉ាប់ មី ក្នុងភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ត្រូវបានលោកវរសេនីយ៍ទោ ជា វាសនា អធិការនគរបាលស្រុកពោធិ៍រៀង ដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដោយផ្ទាល់ សហការជាមួយអាជ្ញាធរឃុំ-ភូមិ ចុះអនុវត្តទប់ស្កាត់ហាមឃាត់ភ្លាមៗទាន់ពេលវេលា និងត្រៀមដាក់លិខិតអញ្ជើញមេបនល្បែង ក៏ដូចជាកូនកញ្ច្រែងទាំងអស់នោះ ឲ្យមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកត់ឆ្នោត (វៀតណាម) ស្រាប់តែបានត្រឹមតែ១ថ្ងៃ «ពោលត្រឹមមួយដង្ហើមចង្រិតប៉ុណ្ណោះ» ត្រូវប្រជាពលរដ្ឋទូរស័ព្ទមកកាន់ភ្នាក់ងារ Fresh News រាយការណ៍ថា សកម្មភាពល្បែងកន្ទុយលេខ (ឆ្នោតវៀតណាម) មានការរីករាលដាលច្រើនជាងមុនទៅទៀត ដោយទីតាំងចាស់ ដែលតែងតែមានការប្រមូលផ្ដុំកត់ឆ្នោត និងទូទាត់គិតគូររាប់លុយដកភាគរយរៀងៗខ្លួន ពីកូនកញ្ច្រែង នៅផ្ទះមេបនល្បែង ត្រូវផ្លាស់ប្ដូរចេញ មកកាន់ទីតាំងថ្មីខាងលិច ជាផ្ទះប្អូនស្រីមេបនល្បែងឈ្មោះ វុន ម៉ាលី មានចម្ងាយពីទីតាំងចាស់ប្រហែល៣០ម៉ែត្រប៉ុណ្ណោះ ដែលមិនមានប្រសិទ្ធភាពទាល់តែសោះ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញលោកវរសេនីយ៍ទោ ជា វាសនា អធិការនគរបាលស្រុកពោធិ៍រៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទឲ្យដឹងថា ដោយសារជាប់រវល់ខ្លាំង ក្នុងកម្មវិធីមង្គលការកូន ប៉ុន្តែក្រោយទទួលបានសេចក្ដីរាយការណ៍ភ្លាមៗថា កើតមានករណីល្បែងកន្ទុយលេខ (ឆ្នោតវៀតណាម) លោកបានដឹកនាំកម្លាំងសមត្ថកិច្ចដោយផ្ទាល់ សហការជាមួយអាជ្ញាធរឃុំ និងភូមិ ដើម្បីចុះទៅស្រាវជ្រាវ និងធ្វើការផ្អាកជាបន្ទាន់ពីសកម្មភាពកត់ឆ្នោត នៅទីតាំងខាងលើនេះផងដែរ ពិសេសលោកបានចាត់ឲ្យមន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធធ្វើលិខិតអញ្ជើញមេបនល្បែង ក៏ដូចជាកូនកញ្ច្រែងទាំងនោះ ឲ្យមកធ្វើកិច្ចបញ្ឈប់សកម្មភាពកត់ឆ្នោតថែមទៀតផង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋទំនងជាអ្នករស់នៅក្បែរផ្ទះស្ត្រីជាមេបនល្បែងឆ្នោតវៀតណាមឈ្មោះ វុន ម៉ាលី បានបន្តរិះគន់យ៉ាងខ្លាំងៗ លើសកម្មភាពកត់ឆ្នោតវៀតណាម ត្រូវបានកក្រើកសារជាថ្មីឡើងវិញ នៅក្នុងភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង មានទាំងដើរ ជិះកង់ និងជិះម៉ូតូ យ៉ាងអនាធិបតេយ្យ ដែលជាភ្នាក់ងារកូនកញ្ច្រែងកត់ឆ្នោតវៀតណាម ចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច ទើបមកប្រមូលផ្ដុំគ្នា ដើម្បីគិតគូររាប់លុយ និងដកភាគរយរៀងៗខ្លួន នៅផ្ទះមេបនល្បែងរបស់ស្ត្រីឈ្មោះ វុន ម៉ាលី ដែលអំណួតថា មានខ្សែធំៗ និងគ្មានសមត្ថកិច្ច ឫអាជ្ញាធរណា ហ៊ានបង្ក្រាបចាប់ឡើយ ព្រោះបានរត់ការបង់លុយជូន ទៅខាងប៉ុស្ដិ៍នគរបាលឃុំព្រែកតាសរ និងអធិការដ្ឋាននគរបាល ស្រុកពោធិ៍រៀង ជារៀងរាល់ខែរួចហើយ។
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ នាយនគរបាលប៉ុស្ដិ៍ឃុំព្រែកតាសរ លោក ប៊ូ សុខានី បានប្រាប់ថា លោកសូមទទួលស្គាល់ពិតជាមានការកត់ឆ្នោតវៀតណាមប្រាកដមែន ហើយកន្លងមកលោកធ្លាប់បានដាក់លិខិតអញ្ជើញឲ្យអ្នកប្រព្រឹត្តបទល្មើសល្បែងស៊ីសងកត់ឆ្នោតទាំងនោះ មកណែនាំធ្វើកិច្ចសន្យា ដើម្បីឲ្យផ្អាកសកម្មភាពកត់ឆ្នោតម្ដងរួចមកហើយ ពិសេសបានធ្វើរបាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង អំពីករណីល្បែងស៊ីសងឆ្នោតវៀតណាមផងដែរ។
ប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា លោក ប៊ូ សុខានី នាយនគរបាលប៉ុស្ដិ៍ឃុំព្រែកតាសរ និងលោកវរសនីយ៍ទោ ជា វាសនា អធិការនគរបាលស្រុកពោធិ៍រៀង និងមានវិធានការបង្ក្រាបល្បែងឆ្នោត វៀតណាមឲ្យអស់ ហើយអាចឈានទៅដល់ការឃាត់ខ្លួនមេបើកល្បែង ដើម្បីមកអនុវត្តន៍ច្បាប់ ឲ្យស្របតាមសេចក្ដីណែនាំស្តីពីវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលដាក់ចេញដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថា នៅកម្ពុជា ល្បែងស៊ីសងមាន ២សណ្ឋាន រួមមាន៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់។ ដូចនេះមន្ត្រីកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចក្រឡាហោម ក៏បានថ្លែងផងដែរថា សម្រាប់ល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមមូលដ្ឋានកន្លងមកដោយជ្រកក្រោមស្លាកល្បែង ស្របច្បាប់ផ្សេងៗ គឺត្រូវបានប្រកាសបិទទាំងស្រុងផងដែរ៕