(ភ្នំពេញ)៖ ការវិនិយោគលើវិស័យសំណង់ នៅប្រទេសកម្ពុជាឆ្នាំ២០១៧នេះ មានចំនួនសរុប៣,០៥២ គម្រោងលើផ្ទៃក្រឡា១០,៧៤៦,២១៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ៦,៤២៨,៧៩៤,១៧៩ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍ក្រសួងបានបញ្ជាក់ទៀតថា ទិន្នន័យនេះ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៦ មានចំនួន២,៤០៥ គម្រោង មានផ្ទៃក្រឡាសាងសង់សរុបចំនួន១១,៤៤៤,៧៣៦ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ៥,២៤៦,១២០,៧០៤ដុល្លារ គឺមានការកើនឡើងចំនួន ២២.៣១%។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមគម្រោងវិនិយោគសរុបជាង៣ពាន់គម្រោងនោះ ក្រសួងបានអនុម័តចំនួន២៣៦ គម្រោងដែលមានផ្ទៃក្រឡាសរុបចំនួន៨,៣២៥,៨៤២ម៉ែត្រការ៉េ ដែលមានទុនវិនិយោគ ប្រមាណ៥,៨៩៣,៤៩៨,៥២០ដុល្លារ បើធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំ២០១៦ មានចំនួន៣៤៤ គម្រោង ផ្ទៃក្រឡាសំណង់សរុបចំនួន១០,០៣៧,២៨៣ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ៤,៧៧៦,៧៦៤,៩៣០ដុល្លារ គឺមានការកើនឡើងចំនួន២៣.៣៧%។
ចំណែកគម្រោងដែលអនុម័តរដ្ឋបាលរាជធានី-ខេត្តមានចំនួនសរុប ២,៨១៦ គម្រោង ដែលមានផ្ទៃក្រឡាចំនួន២,៤២០,៣៧៧ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ៥៣៥,២៩៥,៦៥៩ ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៦ មានចំនួន ២,០៦១ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១,៤០៧,៤៥៣ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤៧៩,៣៥៦,២៧៤ ដុល្លារ គឺមានការកើនឡើងចំនួន១១.៦៦%។
របាយការណ៍ក្រសួងបានបញ្ជាក់ឲ្យដឹងផងដែរថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៧ មានចំនួន២,២៩១ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ៥,៥៦៥,១៩១ ម៉ែត្រការ៉េ មានទុនវិនិយោគ ២,២៣០,៦៥៤,៧១៩ដុល្លារ។ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ នៅរាជធានីភ្នំពេញ សរុបក្នុងឆ្នាំ២០១៧ មានចំនួន១៨៨គម្រោង (គិតចាប់ពីអនុវត្ដរហូតដល់ឆ្នាំ២០១៧ មានចំនួន៩៧៩ គម្រោង)។
សូមបញ្ជាក់ថា សំណង់នៅទូទាំងប្រទេសគិតចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ បានចេញលិខិតអនុញ្ញាត សាងសងចំនួន៣៩,៩០៣គម្រោងដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន១០២,២៣៤,៧៦៥ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៣៧,៧៧១,៦០៣,៩១១ដុល្លារ៕