(ព្រះវិហារ)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះថា «ចាប់តាំងពីដើម ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ចុងខែធ្នូ ឆ្នាំ២០១៧ ប្រជាសហគមន៍ បានលក់ស្រូវសរីរាង្គជូនក្រុមហ៊ុនចំនួន៣ តាមកិច្ចសន្យាចំនួន១១២១០តោន ស្មើនិង៤២.២៥% នៃកិច្ចសន្យាសរុប២៦៥៣៨តោន»។
លោក ពឹង ទ្រីដា បានថ្លែងទៀតថា នៅក្នុងខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុប៣២សហគមន៍ ស្មើនិងប្រជាពលរដ្ឋចំនួន៥២៥៤គ្រួសារ ដោយបានចុះកិច្ចសន្យាកសិកម្មលក់ស្រូវ សរីរាង្គក្នុងឆ្នាំ២០១៧ ជូនក្រុមហ៊ុនចំនួន៣ ទី១-ក្រុមហ៊ុន AMRU RICE ទី២-ក្រុមហ៊ុន Afro Angkor Inter Trade និងទី៣-ក្រុមហ៊ុន Signature of Asia។ សរុបទាំង៣ក្រុមហ៊ុនខាងលើនេះ បានចុះកិច្ចសន្យាទិញស្រូវសរីរាង្គពី ប្រជាសហគមន៍សរុប២៦៥៣៨តោន ប៉ុន្តែត្រឹមរយៈពេលដើមខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ចុងខែធ្នូ ឆ្នាំ២០១៧ ប្រជាសហគមន៍ បានលក់ស្រូវសរីរសង្គជូនក្រុមហ៊ុនបានចំនួន១១២១០តោន ស្មើនិង៤២.២៤%ហើយ។
លោកប្រធានមន្ទីរកសិកម្ម បានបន្តថា ដោយមានអំណោយផលពីធម្មជាតិ ទឹកភ្លៀងធ្លាក់ស្មើល្អក្នុងឆ្នាំនេះ បានធ្វើឲ្យទិន្នផលស្រូវកើនក្នុង១៥០គីឡូក្រាម ក្នុង១ហិកតា បើប្រៀបធៀបឆ្នាំ២០១៦កន្លងមក។
លោកប្រធានមន្ទីរក៏បានសំណូមពរឲ្យប្រជាកសិករ ដែលមិនទាន់បានចុះឈ្មោះចូលជាសមាជិកសហគមន៍ នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ពេលសហគមន៍បើកមហាសន្និបាទប្រចាំឆ្នាំ សូមបងប្អូនប្រញាប់ចុះឈ្មោះ ចូលជាសមាជិក ដើម្បីបានលក់ស្រូវពួកគេតាមរយៈសហគមន៍ ដែលអាចទទួលតម្លៃបន្ថែមលើសឈ្មួញកណ្តាលពី១០០រៀល ទៅ៤០០រៀលក្នុង១គីឡូក្រាម ពិសេសធានាបានតម្លៃស្រូវខ្ពស់ ថ្លឹងត្រឹមត្រូវល្អ មិនមានក្តីបារម្ភពីបញ្ហាទីផ្សារនោះទេ ព្រោះស្រូវដែលពួកគេផលិតបានគឺមានទីផ្សារនៅអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារដ៏ធំរង់ចាំទទួលទិញស្រូវសរីរសង្គពីខេត្តព្រះវិហារ៕