(ភ្នំពេញ)៖ ឆាកប្រយុទ្ធគ្នាមួយប្រាវរបស់យុវជនពីរក្រុម ដែលបង្កការភ័យខ្លាចទាំងយប់ ដល់ប្រជាពលរដ្ឋរាប់សិបនាក់ នៅតំបន់ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបណ្ដាលឲ្យស្លាប់២នាក់ និងរងរបួសផ្សេងទៀត កាលពីប៉ុន្មានថ្ងៃមុននោះ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ឪពុករបស់ជនរងគ្រោះម្នាក់ដែលបានស្លាប់ គឺលោក ជឿន សារិទ្ធិ ម្ចាស់សំណង់ផ្ទះល្វែងនៅភូមិទួលពង្រ បានចេញមកបង្ហាញការពិត និងរៀបរាប់ពីហេតុការណ៍នេះ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក ជឿន សារិទ្ធិ បានឲ្យដឹងថា កាលពីយប់កើតហេតុនោះកូនប្រុសរបស់លោកឈ្មោះ ជឿន បុរី អាយុ១៧ឆ្នាំ រួមជាមួយមិត្តិភក្តិ៤នាក់ផ្សេងទៀត បានទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងនៅក្បែរផ្ទះ។ ពេលកំពុងតែផឹកស៊ីនោះស្រាប់តែ ម្ខាងមានគ្នា២នាក់ ជិះម៉ូតូ១មួយគ្រឿង បើកចុះបើកឡើង និងថែមទាំងបំពងសំឡេងម៉ូតូយ៉ាងខ្លាំងៗ ដោយរបៀបចង់បង្ករឿង។ ឃើញស្ថានភាពបែបនេះ ខាងក្រុមកូនរបស់លោកក៏ចោលដបទឹកសុទ្ធទៅលើពួកគេ រហូតមានការប៉ះពាល់ពាក្យសំដីជាមួយគ្នាមួយប្រាវ។ បន្ទាប់មកកូនរបស់លោក និងមិត្តិភក្តិម្នាក់ទៀត បានជិះម៉ូតូទៅសួរនាំភាគីម្ខាងទៀត ស្រាប់តែដល់កន្លែងកើតហេតុ ក៏ត្រូវពួកគេព្រួតវាយដោយមានដំបងដាំដែកគោលពេញ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈភាគីខាងនោះ ក៏មានស្លាប់ម្នាក់ផងដែរ ខណៈបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនអស់។
បន្ទាប់ពីរងរបួសហើយ កូនប្រុសរូបនេះ ក៏បានទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស រួចត្រឡប់ទៅផ្ទះវិញ តែជាអកុសលដោយសាររបួសធ្ងន់ពេកក៏បណ្តាលឲ្យស្លាប់នៅថ្ងៃបន្ទាប់តែម្តង។
សូមបញ្ជាក់ផងដែរថា អំពើហិង្សាដេញវាយគ្នាយ៉ាងអណាធិបតេយ្យខាងលើនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះទៅអន្ដរាគមន៍ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៤នាក់ ដើម្បីបន្ដការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។
តាមសាក្សីនៅកន្លែងកើតហេតុ មុនកើតហេតុក្រុមដែលមានគ្នា២នាក់ បានជិះម៉ូតូធន់ធំចូលទៅក្នុងភូមិទួលពង្រ ដើម្បីទិញស្រាផឹក ហើយលុះដល់តូបអ្នកលក់ស្រា គឺក្រុមនោះបានបំពងសម្លេងម៉ូតូឮកងរំពង ស្របពេលក្រុមយុវជនដែលមានគ្នា៥នាក់អង្គុយផឹក ហើយសាក្សីបានបន្ថែមទៀតថា បើក្រុមម្នាក់ដែលមានគ្នា៣នាក់ មិនបំពងសម្លេងម៉ូតូឮកងរំពង ២ទៅ៣ដងទេ គឺមិនមានរឿងកើតឡើងនោះឡើយ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ រួចសាកសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកជនរងគ្រោះម្នាក់ ត្រូវបានរត់ទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យជួយស្រាវជ្រាវ ស្រាប់តែដល់ព្រឹកថ្ងៃទី២៦ ខែធ្នូ ស្រាប់តែទទួលព័ត៌មាន ភាគីខាងក្រុមបង្ក ស្លាប់ម្នាក់ដែរនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១។
សម្រាប់ករណីនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការសួរនាំជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនចង់ដឹងពីដំណើររឿងលម្អិត ដែលឈានទៅដល់ចាត់វិធានការតាមផ្លូវច្បាប់៕