(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ តាមរយៈនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រកាសមិនអនុញ្ញាតឲ្យអ្នកបើកបរម៉ូតូណា ដែលមិនពាក់មួកសុវត្ថិភាព ចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិនោះទេ ដោយតម្រូវឲ្យរកមួកមកពាក់ និងធ្វើការណែនាំជាមុនសិនទើបអនុញ្ញាតឲ្យចូល។
បើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយមន្ដ្រីនគរបាល នៃនាយកដ្ឋាននគរបាលការពារ ធ្វើការត្រួតពិនិត្យជំរុញអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅតាមច្រកចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយធ្វើការអប់រំណែនាំអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ឲ្យរកមួកសុវត្ថិភាពមកពាក់ រួចទើបអនុញ្ញាតឲ្យចូល។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ការងារនេះនឹងត្រូវចាប់ផ្ដើមអនុវត្តនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះតទៅ៕