(ភ្នំពេញ)៖ តារាសម្ដែងសាច់សខ្ចី កញ្ញា ដេននី ក្វាន់ ដែលប្រិយមិត្តធ្លាប់ស្គាល់ថា ជាតារាស្រីម្នាក់ និយមភាពសិចស៊ី និងតែងតែធ្វើឲ្យ អ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុកមួយចំនួនយល់ថា ហួសហេតុពេក ទើសភ្នែក រិះគន់ធ្ងន់ៗលើរូបនាង រហូតដល់ថ្នាក់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ ដាក់បម្រាម មិនឲ្យសម្ដែងរយៈពេល១ឆ្នាំ នាពេលកន្លងមកនោះ នៅថ្ងៃសោរ៍ចុងសប្ដាហ៍នេះ ដេននី ក្វាន់ នឹងមកបង្ហាញអារម្មណ៍ពិតរបស់នាង ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីបើកកកាយឲ្យបានដឹងច្បាស់ថា នាងមានអារម្មណ៍បែបណា ពេលក្រសួងអនុវត្តវិធានការ តែចំពោះរូបនាងម្នាក់ ខណៈដែលអ្នកសិល្បៈផ្សេងទៀត ត្រូវបានរួចខ្លួន។

ទន្ទឹមនឹងការពិន័យ មិនឲ្យមានវត្តមានក្នុងវិស័យសិល្បៈ រយៈពេល១ឆ្នាំ មកដល់នឹងនេះ គឺដល់ពេលកំណត់ ដែលតារាសម្ដែងរូបស្រស់ ដេននី ក្វាន់ មានសេរីភាព លើវីស័យសិល្បៈឡើងវិញ។ ដោយឡែក ថ្មីៗនេះ ដោយសារតែមានលេចនូវ MV ចម្រៀងមួយរបស់ អ្នកនាង មាស សុខសោភា ដែលថតបែបអាមេរិកឡាទីន នូវឈុតសិចស៊ី ដុតអារម្មណ៍ទស្សនិកជនឲ្យរោលរាល ជាហេតុធ្វើឲ្យកញ្ញា ដេននី ក្វាន់ បានផុសសំណេរមួយ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា «បើសិនជាឈុត ដែលគាត់ (មាស សុខសោភា) ស្លៀកមកខ្ញុំជាអ្នកស្លៀកវិញ ច្បាស់ណាស់ប្រាកដជាត្រូវក្រសួងផ្អាក យ៉ាងតិចក៏មួយឆ្នាំទៀតដែរ!» ដែលការសរសេរទាំងនេះ ហាក់ដូច នាងមានការអន់ចិត្ត នឹងក្រសួងខ្លាំងហើយ។

ដើម្បីចង់ដឹងច្បាស់ពីអារម្មណ៍ កញ្ញា ដេននី ក្វាន់ ផ្ទាល់ ថាតើនាងមានអារម្មណ៍ ច្រណែន ឬក៏ថាជាភាពអយុត្តិចំពោះខ្លួនមែន ឬក៏យ៉ាងនោះ ដេននី ក្វាន់ នឹងចូលខ្លួនមកបកស្រាយ បង្ហាញអាថ៌កំបាំង ជុំវិញរឿងរ៉ាវទាំងនេះ ព្រមទាំងការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ ក្នុងវិស័យសិល្បៈមានទស្សនិកជនគាំទ្រច្រើន តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧ ដល់ម៉ោង ៨យប់ដដែល៕