(ភ្នំពេញ)៖ ប្រិយមិត្ដជាច្រើន ដែលជាអ្នកគាំទ្រលោក Sky Blu LMFAO ប្រាកដជាច្បាស់ថា លោកនឹងមានវត្ដមាន នៅលើឆាកប្រគំតន្ដ្រី UBER GANZBERG COUNTDOWN នៅរាត្រីឆ្លងឆ្នាំនេះ ក្នុងប្រទេសកម្ពុជា ប៉ុន្ដែបើតាមអ្នកតំណាង GANZBERG បានឲ្យដឹងថា តារាចម្រៀងដ៏ល្បីរូបនេះ អាក់ខានមិនបានអញ្ជើញ មកចូលរួមក្នុងព្រឹត្ដិការណ៍ ដ៏មហាអស្ចារ្យនេះទេ ដោយសារតែបញ្ហាសុខភាព។

តែទោះជាយ៉ាងណា ខាងក្រុមហ៊ុន GANZBERG ក៏មិនបានធ្វើឲ្យបងប្អូនខ្មែរ អស់សង្ឃឹមនោះដែរ ដោយក្រុមហ៊ុនបានអញ្ជើញ តារាចម្រៀងប្រុសដ៏ល្បី លំដាប់ពិភពលោក និងមានប្រជាប្រិយភាព គឺ Silento ដែលជាម្ចាស់បទ Watch Me មកជំនួស Sky Blu LMFAO ផងដែរ។

ក្នុងនោះ វត្តមានតារាអន្តជាតិ លំដាប់ពិភពលោកដ៏ល្បីគឺ Silento នឹងបង្ហាញខ្លួននៅថ្ងៃឆ្លងឆ្នាំ ក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យឆាកតន្ត្រី ទាំងមូលកក្រើក និងពោរពេញទៅដោយ ភាពសប្បាយរីករាយ ហើយព្រឹត្ដិការណ៍ ដ៏អស្ចារ្យនេះនឹង ធ្វើឡើងនៅតំបន់ទេសចរណ៍ធំៗទាំង៣ ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្ដសៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៩, ៣០ និង៣១ធ្នូ ខាងមុខនេះ ហើយអ្វីដែលរឹតតែពិសេសនោះ គឺនឹងមានការផ្សាយផ្ទាល់ក្នុង ១០ស្ថានីយ៍ទូរទស្សន៍ព្រមៗគ្នា ក្នុងពេលតែមួយតែម្តង។

ដូច្នេះសូមកុំភ្លេច ចូលរួមទស្សនា ដោយសេរីឲ្យបានច្រើនកុះករ ជាមួយមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីមួយនេះទាំងអស់គ្នា៕