(ភ្នំពេញ)៖ លោកទេសរដមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងលើកទឹកចិត្តឲ្យក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំងឡាយ អនុវត្តវិធីសាស្រ្ត «ស៥» និងឧបករណ៍ផលិតភាពផ្សេងៗ​ ដើម្បីឧត្តមភាពធុរកិច្ច។ ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី គឺត្រូវបានធ្វើឡើង ក្នុងខណៈដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីប្រកាសជ័យលាភី ចែកវិញ្ញាបនបត្រ​ «ស៥» និងប្រគល់ពានរង្វាន់ ផលិតភាព«ស៥» ប្រចាំឆ្នាំ២០១៧ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ថ្លែងក្នុងពិធីនេះ បន្តទៀត លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានឲ្យដឹងថា ការប្រារព្ធកម្មវិធីនាថ្ងៃនេះ មិនមែនធ្វើឡើងត្រឹមតែជាការស្ញប់ស្ញែង ដល់អ្នកទទួលបានពានរង្វាន់​ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកោតសរសើរ ដល់ការចូលរួមចំណែក របស់អ្នកទាំងឡាយដ៏ច្រើន ដែលបានបង្កលក្ខណៈឲ្យបានជោគជ័យនាថ្ងៃនេះ ហើយដែលបានចូលរួមលើកកម្ពស់ វប្បធម៌នៃភាពស្អាត មានសណ្តាប់ធ្នាប់ ដែលពួកគេបានជំរុញ នៅក្នុងក្រុមហ៊ុន។ ការទទួលបានពានរង្វាន់នេះ មិនមែនជាការទទួលខុស​ត្រូវរបស់មនុស្សតែម្នាក់ ឬផ្នែកតែមួយនោះទេ តែវាតម្រូវឲ្យបុគ្គលិកគ្រប់ផ្នែកទាំងអស់ ក្នុងក្រុមហ៊ុនមួយ ធ្វើការរួមគ្នាយ៉ាងស្អិតល្មួត ជាក្រុមមួយយ៉ាងអស់ពីសមត្ថភាព និងបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង យ៉ាងជាប់លាប់ និងលះបង់យ៉ាងខ្លាំង ក្នុងរយៈពេលសមស្របមួយ។

លោកទេសរដ្ឋមន្រ្តី បានបន្តថា «ស៥» គឺជាមូលដ្ឋានគ្រឹះ ឬដូចជាគ្រឹះនៃផ្ទះមួយ ដែលអាចជួយសហគ្រាសឲ្យឈាន ទៅរកឧត្តមភាពធុរកិច្ច (Business Excellence) ហើយវាគាំទ្រដល់ថ្នាក់ដឹកនាំកំពូលក្នុងការសម្រេចបានភាពល្អជាងមុនជានិច្ច ជាមួយផ្នត់គំនិតថាធ្វើយ៉ាងណាឲ្យថ្ងៃនេះ ប្រសើរជាងម្សិលមិញ ហើយខំធ្វើយ៉ាងណា ឲ្យថ្ងៃស្អែកប្រសើរជាងថ្ងៃនេះទៅទៀត។ សំខាន់បំផុតគឺប្រែក្លាយវាឲ្យទៅជាទម្លាប់ និងវិន័យក្នុងក្រុមហ៊ុន ដែលចុងក្រោយក្លាយជាវប្បធម៌នៃភាពស្អាត និងមានវិន័យផ្ទាល់ខ្លួន។
ក្រៅពីវិធីសាស្រ្ត «ស៥» នេះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តផងដែរឲ្យក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំងឡាយ អនុវត្តនូវ ឧបករណ៍ផលិតភាពផ្សេងៗទៀតដូចជា​ KAIZEN (វិធីកែលម្អជាបន្តបន្ទាប់), GMP (ការអនុវត្តកម្មន្តសាលល្អ), HACCP (ការវិភាគមុខសញ្ញា គ្រោះថ្នាក់ និងចំណុចត្រួតពិនិត្យសំខាន់), និងវិធីសាស្ត្រដទៃជាច្រើនទៀតដូចជា៖ ISO9001:2015 (ប្រព័ន្ធគ្រប់គ្រងគុណភាព), ISO22000:2005 (ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ), Total Quality Management (ការគ្រប់គ្រងគុណភាពសរុប) ។ល។ ព្រោះថា និន្នាការបច្ចុប្បន្ន តម្រូវឲ្យគិតដល់ទីផ្សារអន្តរជាតិ និងអាស៊ាន ដែលមានន័យថា យើងត្រូវអនុវត្តស្តង់ដារអន្តរជាតិ/អាស៊ាន ដើម្បីអាចក្តោបយកទីផ្សារ បានទូលាយជាងមុន។ បើយើងមិនចាប់ផ្តើមទេ គូប្រកួតប្រជែងរបស់យើង នឹងដណ្តើមយកប្រៀបលើយើង នៅថ្ងៃណាមួយពុំខាន ហើយចូរចាំពាក្យថា «ផ្លូវដំណើររាប់ពាន់គីឡូម៉ែត្រ គឺចាប់ផ្តើមចេញពីការបោះជើង១ជំហាន»។

គួរបញ្ជាក់ផងដែរថា «ស៥» ជាវិធីសាស្រ្តសាមញ្ញបំផុត ហើយអាចអនុវត្តនៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំ មិនថាឧស្សាហកម្មស្រាល ឬធ្ងន់​ ផលិតម្ហូបអាហារ ឬមិនមែនអាហារទេ ព្រោះវាមានចំណុចពិសេសមួយត្រង់ថា «ស៥» ជួយឲ្យយើងរកវត្ថុអ្វីមួយឃើញ យ៉ាងយូរបំផុតត្រឹម ៣០ វិនាទី។ វាមានគុណសម្បតិ្ត មិនត្រឹមតែជួយរៀប​ចំសណ្តាប់ធ្នាប់ និងស្អាតជានិច្ចប៉ុណ្ណោះទេ ហើយថែមទាំងជួយបំបាត់ប្រភពនាំឲ្យ គ្រោះថ្នាក់ការងារទៀតផង។ កត្តាទាំងនេះនឹងជួយសន្សំប្រាក់ កាត់បន្ថយថ្លៃដើម បំពេញចិត្តអតិថិជន តាមរយៈការបញ្ជូនទំនិញទាន់ពេល បង្កើនគុណភាពផលិតផល បង្កើនផលិតភាព និងបង្កើនប្រាក់ចំណេញ ផងដែរ។

សម្រាប់ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤នៃការផ្តល់ពានរង្វាន់ផលិតភាព «ស៥» ដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលមានក្រុមហ៊ុនចំនួនបួន ត្រូវទទួលជ័យលាភីពានរង្វាន់ផលិតភាព«ស៥» រួមមាន៖
១. SentoSaSilk
២. សិប្បកម្ម វ៉ត-ម្រុំខ្មែរធម្មជាតិ
៣. សិប្បកម្ម អ៊ីឆេ ង៉ូវ ហេង ហ្វូដ ប្រូដាកសិន អូហ្វ កំពត
៤. ក្រុមហ៊ុន LSV Industry Co., Ltd.៕