(ភ្នំពេញ)៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី បានប្រមូលចំណូលចូលថវិកាជាតិសរុបចំនួន ជាង៣៧១ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង៩២លានដុល្លារអាមេរិក ដោយគិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យ។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងសន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ Garden City Phnom Penh រាជធានីភ្នំពេញ។

របាយការណ៍របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ការងារចំណូលសម្រាប់ឆ្នាំ២០១៧ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបមានចំនួន ៣៧១,០២១,៤៧៨,៦០៥ រៀល គិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យ។

ចំណូលទាំងនោះត្រូវបានប្រមូលពី៖

* ចំណូលពីសេវាសុរិយាដីមានចំនួន ៤២,៤៧១,១៥៨,១១៥ រៀល ក្នុងនោះ ១៖ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួន៦,៦៥៥,៨៣៤,៩៣៥រៀល, ២៖ ការចុះបញ្ជីដីមានលក្ខណៈ ដាច់ដោយដុំ ចំនួន ៣៥,៨១៥,៣២៣,១៨០ រៀល។

* ចំណូលពីសេវាសំណង់ មានចំនួន៤,០២៥,៥០៥,៩៨០ រៀល។

* ចំណូលពីការជួលទីតាំងរោងចក្រ សហគ្រាស មានចំនួន ២៧៧,០៣៦,០៩០ រៀល។

*​ ចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលដោយអង្គភាពពន្ធដារ បានចំនួន៣១៥,០៩៥,៣៧៩,០០៣រៀល៕