(ភ្នំពេញ)៖ ខណៈអាកាសធាតុកំពុងតែប្រែប្រួល ប្រជាពលរដ្ឋគ្រប់រូបអាចនឹងប្រឈម និងជំងឺផ្សេងៗ ក្នុងនោះដែរជំងឺរលាកច្រមុះជាបញ្ហាចំបាច់ ដែលគ្រប់គ្នាគួរតែយល់ដឹងពីវិធីបង្ការ, ការព្យាបាល និងកត្តាហានីភ័យដែលបណ្ដាលមកពីជំងឺនេះ ខណៈដែលកម្ពុជាក៏ជាប្រទេសមួយ ដែលមានអ្នកកើតជំងឺរលាកច្រមុះនេះច្រើនផងដែរ។
ដើម្បីជួយផ្សព្វផ្សាយ និងយល់ដឹងពីជំងឺនេះឲ្យកាន់តែទូលំទូលាយ និងជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពព្យាបាល មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធីពិនិត្យព្យាបាល រួមទាំងផ្ដល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ដល់អ្នកជំងឺឆ្អឹងខ្នង និងប្រព័ន្ធប្រសាទ សម្រាប់អ្នកចុះឈ្មោះ៥០នាក់ដំបូង ព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម។
ការពិនិត្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃនេះ ធ្វើឡើងដើម្បីលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជណ្ឌិតឯកទេសវៀតណាម ដែលមានឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ច្រើនឆ្មាំ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅ មន្ទីរពេទ្យជោរៃភ្នំពេញ ជាងនេះទៅទៀត គឺជួយឲ្យប្រជាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាល ឲ្យបានសមស្របបំផុត។
លោកវេជ្ជបណ្ឌិត ង្វៀន ហ៊ីវយុង ឯកទេសព្យាបាលជំងឺរលាច្រមុះ បានថ្លែងឲ្យដឹងថា ជំងឺរលាកច្រមុះនេះមានរោគសញ្ញាដូចជា ហៀរសំបោរ តឹងច្រមុះ ក្រដាសញឹកញាប់ ឈឺក្បាល ហឹងត្រចៀកជាដើម។ មូលហេតុដែលបណ្ដាលឲ្យកើតមានជំងឺរលាកនេះ មកពីកត្តារស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ ដូចជាការស្រប់យកផ្សែងផ្សេងៗ ធូលីដី ឬអាឡាក់ស៊ីជាមួយលំអងផ្កាជាដើម។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ផងដែរថា ជំងឺនេះក៏អាចប្រឈមនឹងការឆ្លងផងដែរ តែប្រសិនបើជំងឺនេះមានវីរុសឆ្លង។ មួយវិញទៀត ការមិនបានព្យាបាលត្រឹមត្រូវនឹងអាចធ្វើឲ្យ ប៉ះពាល់ដល់ភ្នែក ដូចជាឈឺភ្នែក ឬងងឹតភ្នែក ឬអាចរលាកស្រមខួរ និងធ្វើឲ្យត្រចៀកមានការកក់ខ្ទុះ រលាកផ្លូវដង្ហើមផ្នែកខាងក្រោម និងរលាកទងសួត។
លោកក៏បានបន្ដទៀតថា ដើម្បីកុំឲ្យជំងឺនេះធ្ងន់ធ្ងរអ្នកជំងឺ គួរណាស់តែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ឲ្យក្រុមគ្រូពេទ្យតាមដានដឹងពីអការៈជំងឺ ដូចជាថតឆ្លុះអង់កូស្ដុប ឲ្យដឹងថាជំងឺនេះជាជំងឺប្រភេទណា។
គួរបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាលដោយឥតគិតថ្លៃ របស់មន្ទីរពេទ្យជោរៃនេះ នឹងធ្វើឡើងជារៀងរាល់ខែជាមួយ នឹងវេជ្ជបណ្ឌិតឯកទេសផ្សេងៗគ្នា ដើម្បីទទួលបានការព្យាបាល ដោយឥតគិតថ្លៃ ដោយអ្នកជំងឺអាចចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ០២៣ ៦៨ ៤១ ០០១, ០២៣ ២៨ ៤១ ០០២៕