(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានផ្ដល់អនុសាសន៍សំខាន់ៗ ចំនួន៥ចំណុច នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨នេះ ធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ នៅសណ្ឋាគារ Garden City Phnom Penh រាជធានីភ្នំពេញ។

អនុសាសន៍សំខាន់ៗ ចំនួន៥ចំណុច​ របស់សម្ដេចក្រឡាហោម ស ខេង រួមមាន៖

១៖ពន្លឿនការចុះបញ្ជីដីធ្លី។
២៖ បង្កើនល្បឿនផែនការប្រើប្រាស់ដីប្លង់គោល ការងារចុះស្រង់ទិន្នន័យទាំងដីគោក ទាំងដីតំបន់ឆ្នេរសមុទ្រ។
៣៖ ពង្រឹងគ្រប់គ្រងផ្នែកសំណង់ ទប់ស្កាត់រាល់ការសាងសង់សំណង់នានា ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ខិតខំបញ្ចប់សេចក្តីព្រាងច្បាប់សំណង់។
៤៖ បន្តខិតខំបញ្ចប់ការងារសម្បទានដីសង្គមកិច្ច ជូនជនក្រីក្រ យោធិន បន្តគ្រប់គ្រងដីរដ្ឋ ថែរក្សាធនធានធម្មជាតិ។
៥៖ ពង្រឹងការអនុវត្តការគ្រប់គ្រង សេវាសាធារណៈឲ្យបានត្រឹមត្រូវ និងច្បាស់លាស់/ខិតខំពង្រីកសមត្ថភាពមន្ត្រី ដើម្បីផ្តល់នូវសេវា Online ជូនប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានក្នុងសន្និបាតថា «នៅក្នុងវិស័យដីធ្លី ក្រសួងបានបន្ដខិតខំចុះបញ្ជីដីធ្លី និងដោះស្រាយវិវាទដីធ្លីគ្រប់រូបភាព​ ដល់មូលដ្ឋាន ដែលបានធ្វើឲ្យចំនួនវិវាទ និងការតវ៉ានានា ថយចុះគួឲ្យកត់សម្គាល់»

លោកទេសរដ្ឋមន្ដ្រី បានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងវិស័យដីធ្លី ក្រសួងបានបន្ដខិតខំ គ្រប់គ្រងលើកម្មសិទ្ធិដី ប្រើប្រាស់និងបែងចែកដីធ្លី ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅបង្កើនប្រាក់ចំណូលដល់ថវិកាជាតិ ការកាត់បន្ថយនិងការលប់បំបាត់ភាពក្រីក្រ ការធានាសន្ដិសុខស្បៀង ការគ្រប់គ្រង់ដីរដ្ឋ ការការពារ បរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងបរិបទ នៃសេដ្ឋកិច្ចទីផ្សារ។

រដ្ឋមន្ដ្រីក្រសួងដែនដីបានបញ្ជាក់ផងដែរថា នៅក្នុងការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ក្រសួងកំពុងខិតខំធ្វើឲ្យដែនដី នៅទូទាំង ប្រទេស ត្រូវបានគ្រប់គ្រង ប្រើប្រាស់ការពារ និងអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការធ្វើសមាហរណកម្មនូវផែនការ យុទ្ធសាស្ដ្ររៀបចំដែនដី សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ព្រមទាំងការរៀបចំ និងដាក់ឲ្យអនុវត្ដន៍នូវផែនការ រៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដី នៅតាមភូមិសាស្ដ្រនីមួយៗ៕