(រតនគិរី)៖ លោក ផាត់ កែវមុនី អនុប្រធានពន្ធដារខេត្តរតនគិរី ត្រូវប្រកាសតែងតាំងជាប្រធានពន្ធដាខេត្តរតនគិរី ជំនួស លោក ទុយ ស៊ីវិល ត្រូវដាក់ចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក កែន សម្បត្តិ អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារ, លោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត, លោក លន់ សុភាព អភិបាលរងខេត្ត និងមន្ត្រីជុំវិញខេត្តមួយចំនួនទៀត។
ជាមួយនឹងការប្រកាសតែងតាំងនោះដែរ ក៏មានការសម្រួលភារកិច្ច តែងតាំងមន្ត្រីរាជការសាខាពន្ធដារខេត្តចំនួន៥រូបរួមមាន៖
ទី១៖ លោក ឆន រ៉ា បច្ចុប្បន្នអនុប្រធានការិយាល័យបុគ្គលិក និងរដ្ឋបាលហិរញ្ញវត្ថុ ជាប្រធានការិយាល័យរដ្ឋបាល។
ទី២៖ លោក សួន សុខលីន បច្ចុប្បន្នអនុប្រធានការិយាសវនកម្មពន្ធ ជាប្រធានការិយាល័យសវនកម្មពន្ធ។
ទី៣៖ លោក ប៊ិច សុភក្តិ បច្ចុប្បន្នអនុការិយាល័យចាត់ចែងលិខិត ប្រកាសជាប្រធានការិយាល័យអ្នកជាប់ពន្ធ។
ទី៤៖ លោក បូ ប៊ុនហេង បច្ចុប្បន្នមន្ត្រីការិយាល័យបំណុលពន្ធ ជាអនុប្រធានការិយាល័យរដ្ឋបាល ។
ទី៥-លោក គីម ម៉ារីណា បច្ចុប្បន្នមន្ត្រីការិយាល័យបំណុលពន្ធ ជាអនុប្រធានការិយាល័យបំណុលពន្ធ។
លោក កែន សម្បត្តិ អគ្គនាយករងពន្ធដារ និងលោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានក្រើនរម្លឹកចំពោះលោកប្រធានសាខាពន្ធដារថ្មី និងមន្ត្រីពន្ធដារ ទើបសម្រួលភារកិច្ច ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត, បន្តស្នាដៃការដឹកនាំ របស់លោកប្រធានចាស់ ត្រូវបន្តខិតខំកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងដាក់ចុះ, ផ្តល់សេវាជូនអ្នកជាប់ពន្ធ។
បន្ថែមលើនេះ គណអធិបតីបានជម្រុញឲ្យ លោកប្រធានសាខាពន្ធដារថ្មី ត្រូវមានកិច្ចប្រជុំជាមួយមន្ត្រីថ្នាក់ក្រោមជាប្រចាំខែ, មានបញ្ហាកើតឡើងយកមកជជែកគ្នា រកដំណោះស្រាយជៀសវាងការវាយប្រហារគ្នា, ត្រូវមានវគ្គបណ្តុះបណ្តាល, កៀងគរចំណូលពន្ធឲ្យបានតាមការកំណត់៕