(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨ខាងមុខនេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ក្នុងសារលិខិតរបស់សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱន កាយគោរពថ្វាយ ព្រះពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ ព្រះករុណាថ្លៃវិសេសសូម ព្រះអង្គ ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះជន្មានយុយ៉ឺនយូរជាងព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្រ្ដជានិច្ចនិរន្ដរ៍តរៀងទៅ»។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថឧទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងគុណបុណ្យព្រះបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយអភិបាលគ្រង់រក្សាការពារថ្វាយ ព្រះករុណថ្លៃវិសេស ជាទីសក្ការៈដ៏ខ្ពស់ខ្ពស់ ដើម្បីគង់ប្រថាប់ នៅក្នុងព្រះសេរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្ដីសុខក្សេមក្សាន្ដ ដល់ប្រជារាស្រ្ដទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕