(ស្ទឹងត្រែង)៖ មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចាត់ឲ្យមន្ដ្រីអាវុធហត្ថក្រោមឱវាទ យកអំណោយជូនគ្រួសារក្រីក្រមួយគ្រួសារ នៅចំណុចភូមិស្រែពោធ៌សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
អំណោយរបស់លោកមេបញ្ជាការ ត្រូវបានលោកវរសេនីយ៍ទោ អ៊ុន វណ្ណាន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ ជូនលោកស្រី ងិន នីកូឡា អាយុ៤៥ឆ្នាំ មុខរបបលក់ដូររស់នៅភូមិឃុំខាងលើ ដោយជួបកាលំបាក និងមានកូនចំនួន៣នាក់ រស់នៅក្នុងបន្ទុក ដោយគ្រួសាររបស់គាត់ឈ្មោះ ឡុង សេរីយ៉េត អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៧។
សូមជម្រាបថា អំណោយនោះរួមមាន៖ អង្ករ២បេ, មុង០១, ឃីត១ដុំ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១៥យួរនិងថវិកាចំនួន២០ម៉ឺនរៀល៕