សម្ដេចពញាចក្រី ហេង សំរិន សូមថ្វាយព្រះពរ ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨
28-12-2017 12:02
(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨ ខាងមុខនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើសារលិខិត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ក្នុងសារលិខិតរបស់សម្តេចពញាចក្រី ហេង សំរិន ថ្វាយព្រះពរ ព្រះមហាក្សត្របានលើកឡើងថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា ទូលព្រះបង្គំជា ខ្ញុំ សូមព្រះបរមរាជានុញ្ញាត លំឱនកាយគោរពថ្វាយ ព្រះពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ ព្រះករុណាថ្លៃវិសេសសូម ព្រះអង្គ ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះជន្មានយុយ៉ឺនយូរជាងព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្ដជានិច្ចនិរន្ដរ៍តរៀងទៅ»។
ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថឧទ្ទិសបួង សួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងគុណបុណ្យព្រះបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ព្រះអង្គ សូមតាមជួយអភិបាលគ្រង់ រក្សាការពារថ្វាយ ព្រះករុណថ្លៃវិសេស ជាទីសក្ការៈដ៏ខ្ពស់ខ្ពស់ ដើម្បីគង់ប្រថាប់ នៅក្នុងព្រះសេរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្ដីសុខក្សេមក្សាន្ដ ដល់ប្រជារាស្រ្ដទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕