(ប៉ៃលិន)៖ អនុប្រធានមន្ទីរ អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត, លោកផាន់ ចាន់ធុល អភិបាលរងខេត្ត និងលោកស្រី ជា លាភ អភិបាលរងខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្តផងដែរ។
លោក ហែម ឬទ្ធី នាយករដ្ឋបាលខេត្ត បានអានលិខិតស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការរបស់រដ្ឋបាលខេត្តប៉ៃលិន ដែលត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូន លោកស្រី ចន្ទ ថាវី ជាអនុប្រធានមន្ទីរកិច្ចការនារី, លោកស្រី មួន ចាន់ស្រីរ័ត្ន ជាប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្ត្រី, លោកស្រី សួន សុគន្ធា ជាអនុប្រធានការិយាល័យហិរញ្ញវត្ថុ និងផ្គត់ផ្គង់ផែនការស្ថិតិ និងលោកស្រី តិច វួចឡាង ជាអនុប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្ត្រី។
អភិបាលរងខេត្ត លោក ផាន់ ចាន់ធុល រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋាបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាព ក្នុងដំណើការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ដោយអនុវត្តន៍ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀត ដូច្នេះថ្នាក់ដឹកនាំមន្ទីរ ដែលទើបបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មីនាពេលនេះ ត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន។
បើតាមអភិបាលរងរូបនេះ ត្រូវទទួលខុសត្រូវខ្ពស់ មានតម្លាភាព សាមគ្គីភាព និងត្រូវបន្តសិក្សាស្រាវជ្រាវរកនូវប្រភពឯកសារ លិខិតបទដ្ឋាននានា យកមកធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាព ក្នុងវិជ្ជាជីវៈសំដៅឲ្យអង្គភាពរបស់ខ្លួនដំណើរការដោយរលូន និងមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំស្វែងយល់ និងអនុវត្តន៍ឲ្យបានល្អនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់តម្លៃស្ត្រី ទប់ស្កាត់រាល់អំពើហិង្សាលើស្ត្រី និងកុមារ ពង្រឹងសមភាពយេឌ័រ ដើម្បីឲ្យស្ត្រីបានចូលរួមសកម្មភាពនានានៅក្នុងសង្គមជាតិ៕