(ភ្នំពេញ)៖ កម្ពុជានឹងបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវលេខ៩៦៣ ចំនួន១៨៤នាក់ នៅពាក់កណ្ដាលខែមករា ឆ្នាំ២០១៨ ចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនក្នុងបំណងស្វែងរកសន្តិភាពសំរាប់ប្រទេសមួយនេះ។ នេះបើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។
ចំពោះការបញ្ជូនកងកម្លាំងមួកខៀវនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា នេះជាលើកទី៨ហើយ ដែលកម្ពុជាបញ្ជូនកម្លាំងទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ។ កម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរកម្លាំងចាស់ ដែលនឹងបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករាខាងមុខនេះ។
កងវិស្វកម្មទាំង១៨៤នាក់នេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ឲ្យទៀតដឹងថា ក៏មានអមដោយកម្លាំងដោះមីនផងដែរ គឺជាកម្លាំងបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវ តាមស្តង់ដាររបស់អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះមានមកពីស្ថាប័ន ចំណុះផ្ទាល់ក្រសួងការពារជាតិ កម្លាំងចំណុះមជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត។
លោក Alexantre Huynh តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ធ្លាប់បានថ្លែងថា កម្ពុជាបានបញ្ជូនកម្លាំងទាំង១៨៤នាក់ ទៅកាន់ប្រទេសលីបង់ គឺកម្ពុជាបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះ ដ៏ស្មុគស្មាញ និងការពារជនស៊ីវិល ដែលជាភារកិច្ចដ៏សំខាន់បំផុត និងជាសក្ខីភាពជាក់ស្តែងផងដែរ។
លោកបានបន្ថែមថា ព្រឹត្តការណ៍ប្រមាណ២៣ឆ្នាំមុន កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបញ្ជូនមកកាន់កម្ពុជា។ តែបច្ចុប្បន្នកម្ពុជា បានប្រែក្លាយជាប្រទេសមួយបញ្ជូនកងកម្លាំង និងក្រុមជំនាញចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្នុងនាមមនុស្សធម៌ ទៅកាន់ប្រទេសចំនួន៨រួចមកហើយ។
លោកវរសេនីយឯក ឡេង វណ្ណា មេបញ្ជាការកងវិស្វកកម្មលេខ៣៦៩ កំពុងបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ បានឲ្យដឹងថា កម្លាំងមួកខៀវនៅប្រទេសលីបង់ គឺមានចំនួន១៨៤នាក់ ទាំងកម្លាំងវិស្វកកម្ម និងកម្លាំងដោះមីន។ ការដែលប្រតិបត្តិការរាល់ថ្ងៃគឺដោះមីន ដើម្បីសាងសង់ព្រំដែនសីមា រវាងប្រទេសអ៊ីស្រាអែល និងលីបង់។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២នៅក្នុងតំបន់អាស៊ាន៕