(ភ្នំពេញ)៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបរដោយបុរសម្នាក់ ដឹករោងទៅសង់រោងបុណ្យសព៧ថ្ងៃ ស្រាប់តែបែកកង់រេចង្កូតជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមពេញទំហឹង បណ្តាលឲ្យប្រុសស្រី៣នាក់ រងរបួសធ្ងន់ធ្ងរ រងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវទន្លេសាប កែងផ្លូវកូឡាឡោមភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តបង្ករម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ឃ-1131 ភព2 អ្នកបើកបរ និងអ្នករួមដំណើម្នាក់ទៀត មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ រងរបួសធ្ងន់ធ្ងរកំពុងសំរាកព្យាបាល នៅមន្ទីពេទ្យកាលម៉ែត។ ចំណែករថយន្តរងគ្រោះម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-1851។ ស្ត្រីដែលកំពុងដេកនៅក្នុងកាប៊ីនរថយនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ រងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានហៅរថយន្តសាម៉ុយមកដឹកជនរងគ្រោះទាំង៣នាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នា តាមច្បាប់នៅពេលក្រោយ៕