(ភ្នំពេញ)៖ នៅឆ្នាំ២០១៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប័ណ្ណកម្មសិទ្ធិដីថ្មីជូនប្រជាពលរដ្ឋ បានចំនួនជាង២៣ម៉ឺនប័ណ្ណ ក្នុងនោះក្រសួងបានចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋ ជាង២០ម៉ឺនប័ណ្ណផងដែរ។ នេះ​បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងសន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ Garden City Phnom Penh រាជធានីភ្នំពេញ។

របាយការណ៍បានបញ្ជាក់ថា សម្រាប់ការងារចុះបញ្ជីដំបូង នៅឆ្នាំ២០១៧នេះ ក្រសួងបានចេញ ប័ណ្ណកម្មសិទ្ធដីបានចំនួន ២៣៧,១៤៣ប័ណ្ណ ក្នុងនោះចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋ បាន ២០៩,៦៧៩ ប័ណ្ណ រួមមាន៖

* កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី៖ បានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន ២៣៨ភូមិ បញ្ចូលទិន្នន័យចំនួន ២៨៧,០៧៧ ក្បាលដី ចេញប័ណ្ណបានចំនួន ២២៩,៥៧៨ ប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋមានចំនួន២០២,១១៤ប័ណ្ណ

* ការចុះបញ្ជីតាមរយៈបទបញ្ជាលេខ ០១ សម្រេចចែកប័ណ្ណបាន ៤,៤៩៣ ប័ណ្ណ

* ការចុះបញ្ជីដាច់ដោយដុំ សម្រេចបាន ៣,០១២ ប័ណ្ណ ក្នុងនោះការចុះបញ្ជីដីរដ្ឋបាន ៧០០ប័ណ្ណ

* ការចុះបញ្ជីដីសមូហភាពសហគមន៍ ជនជាតិដើមភាគតិច សម្រេចបាន ៦០ប័ណ្ណ សម្រាប់០៥ សហគមន៍

របាយការណ៍ក្រសួង បានបញ្ជាក់ទៀតថា សរុបលទ្ធផលពីពេលចាប់ផ្ដើមអនុវត្ដរហូតដំណាច់ឆ្នាំ២០១៧ ក្រសួងចេញប័ណ្ណកម្មសិទ្ធិដីបានចំនួន ៤,៨៨១,៥៨២ ប័ណ្ណ ក្នុងនោះចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ៤,៦៤៧,៨៨៦ ប័ណ្ណស្មើនឹង ៦៦,៤% នៃក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី។ របាយការណ៍ បានបន្ថែមទៀតថា លទ្ធផលនេះ បើគិតធៀបតាមផែនការ ដែលត្រូវសម្រេចឲ្យបានក្នុងឆ្នាំ២០១៧ ឃើញថា លើសពីផែនការ ០,៤%៕