(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលីបានចំណាយលុយច្រើនជាង ៨ពាន់លានដុល្លារអាមេរិក ក្នុងការទិញបរិកា្ខយោធា និងអាវុធពីសហរដ្ឋអាមេរិក អស់រយៈពេលបួនឆ្នាំមកនេះ។ នេះបើតាមរបាយការណ៍មួយ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយការិយាល័យសវនកម្មជាតិអូស្ត្រាលី (ANAO) រាប់ពីឆ្នាំ២០១២ និង២០១៣ រហូតដល់ឆ្នាំ២០១៦ និង២០១៧ កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានចំណាយប្រាក់ ៨.០១ពាន់លានដុល្លារ ដើម្បីទិញបរិក្ខាយោធា និងអាវុធពីសហរដ្ឋអាមេរិក ហើយពាក់កណ្ដាល នៃថវិកាទាំងនេះ ក៏ត្រូវបានចំណាយផងដែរលើផ្នែកព័ត៌មានវិទ្យា ទូរគមនាគមន៍ ការផ្សព្វផ្សាយ វិស្វកម្ម និងកិច្ចសន្យាស្រាវជ្រាវនានា។
ប៉ុន្តែទាក់ទិននឹងរបាយការណ៍នេះដែរ លោក អាន់ឌ្រូ ដាវីស (Andrew Davies) ជាអ្នកជំនាញផ្នែកយោធា មកពីវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្រ្ដាលី បាននិយាយថា ចំនួនទឹកប្រាក់នេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ។ «យើងបានទិញប្រព័ន្ធជាច្រើនពីសហរដ្ឋអាមេរិក ជាពិសេស ពីព្រោះយើងកំពុងស្ថិតនៅក្នុងដំណាក់កាលពាក់កណ្ដាល នៃការអភិវឌ្ឍកងកម្លាំងទ័ពអាកាស ហើយយើងក៏បានទិញផងដែរនូវ អាវុធដែលអាចជួយយើង ក្នុងការធ្វើប្រតិបត្តិការយោធានៅស៊ីរី និងអ៊ីរ៉ាក់»។ នេះបើតាមការលើកឡើងរបស់ លោក Andrew Davies។
គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីធ្លាប់បានបញ្ជាក់ថា ខ្លួនមានបំណងបង្កើតឧស្សហកម្មការពារជាតិផ្ទាល់ខ្លួនមួយ ប៉ុន្តែលោក Andrew Davies យល់ថា កងកម្លាំងអូស្ត្រាលីនៅតែត្រូវពឹងផ្អែកលើសហរដ្ឋអាមេរិក នៅពេលអនាគត៕