(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងចម្រុះខណ្ឌចំការមន ដឹកនាំកម្លាំងផ្ទាល់ដោយលោក ព្រំ សំខាន់ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងជាច្រើននាក់​ បើកយុទ្ធនាការចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងកាត់រុះរើ សំយ៉ាបផ្ទះ និងរោង ដែលសង់លយចូលចំណែកចិញ្ចើមផ្លូវទាំងអស់ ​នៅតាមបណ្តោយផ្លូវ២៧១។

ជាក់ស្តែងការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈពេលនេះ ធ្វើឡើងតាមបណ្តោយផ្លូវ២៧១ ចាប់ពីចំណុចច្រមុះជ្រូកក្បាលថ្នល់ រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ ដែលក្នុងនោះរួមមាន ៣សង្កាត់៖ គឺសង្កាត់ផ្សារដើមថ្កូវ សង្កាត់ទួលទំពូង២ និងសង្កាត់ទំនប់ ដែលការងារនេះបានធ្វើឡើងក្រោយពីមានបញ្ជាពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

អភិបាលខណ្ឌចំការមន លោក ព្រំ សំខាន់ បានឲ្យដឹងថា លោកដឹកនាំចុះប្រតិបត្តិការនេះ នៅលើដងផ្លូវចំនួន៦ ក្នុងខណ្ឌ ក្រោយស្មារតីកិច្ចប្រជុំ និងបែងចែកការទទួលខុសត្រូវចំពោះផ្លូវ១១ខ្សែ ក្នុងរាជធានីភ្នំពេញ ដែលអភិបាលរាជធានីលោក ឃួង ស្រេង ប្តេជ្ញាថា នឹងត្រូវធ្វើឲ្យបានជាដាច់ខាត ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ លោកអភិបាលបញ្ជាក់ថា រដ្ឋបាលខណ្ឌចំការមន តែងតែចុះរៀបចំសណ្តាប់ ធ្នាប់ជាប្រចាំតាមផ្លូវទាំង៦ ក្នុងខណ្ឌ ក្នុងចំណោមផ្លូវទាំង១១ខ្សែ។

កាលពីពេលថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឲ្យគ្រប់ខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឲ្យបាននូវសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ គ្មានកកស្ទះ គ្មានភាពរញ៉េរញ៉ៃ និងគ្មានការលក់ដូរលើចិញ្ចើមផ្លូវ ដែលកត្តាទាំងនេះ អាចបណ្តាលឲ្យដងផ្លូវមានលក្ខណៈតូចចង្អៀត កកស្ទះចរាចរណ៍ ពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ទើបនៅថ្ងៃនេះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ព្រំ សំខាន់ ផ្ទាល់បានចុះមកធ្វើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងបានណែនាំដល់អាជីវករមួយចំនួនឲ្យបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ ឬការយកចិញ្ចើមផ្លូវទៅធ្វើជាអាជីវកម្មផ្ទាល់ខ្លួនបន្តទៀត និងបានធ្វើការរុះរើ សំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋដែលលយចូលចិញ្ចើមផ្លូវផងដែរ ដោយលោកអភិបាលបានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាចូលរួម និងធ្វើយ៉ាងណា ត្រូវទុកគម្លាតពីចិញ្ចើមផ្លូវចំនួន៦ម៉ែត្រ ទើបមើលទៅដងផ្លូវមាន សោភ័ណភាពល្អ​ និងគ្មានការកកស្ទះនោះឡើយ។

កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោក ឃួង ស្រេង បានដាក់ចេញនៅផែនការ ដើម្បីរៀបចំសណ្តាប់ធ្នាប់ផ្លូវធំៗ ចំនួន១១ខ្សែ ដើម្បីកាត់បន្ថយការកក ស្ទះចរាចរណ៍ដោយសារតែ មាន ការរំលោភយកផ្លូវធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ផ្លូវទាំងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម ព្រមទាំងវិថីមុនីរ៉េត ហ្សាដឺហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០៕