(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរ​​កម្ពុជា (GMAC) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនបញ្ជាទិញ Walmart ដែលជាអ្នកបញ្ជាទិញអន្តរជាតិរបស់អាមេរិក ចំពោះការប្តេជ្ញាចិត្ត និងបន្តគាំទ្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាជាប់ជានិច្ច។

សេចក្តីថ្លែងការណ៍របស់ GMAC ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា បើតាមលិខិតរបស់អ្នកបញ្ជាទិញ Walmart ដែលផ្ញើទៅលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗ របស់គណៈប្រតិភូ Walmart កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីជួបផ្ទាល់ជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជាមួយចំនួន និងទស្សនកិច្ចរោងចក្រស្បែកជើងមួយចំនួនដទៃៗទៀត ព្រមទាំងសហការីរបស់ខ្លួន ដែលធ្វើការនៅក្នុងរាជធានីភ្នំពេញ អ្នកបញ្ជាទិញ Walmart បានថ្លែងថា «កម្ពុជាជាទីផ្សារសំខាន់សម្រាប់ Walmart»។

GMAC បានលើកឡើងទៀតថា ក្នុងលិខិតរបស់ Walmart បានសរសេរថា៖ «យើងជាអ្នកនាំចេញស្បែកជើងនាំមុខគេរបស់កម្ពុជា និងជាអ្នកនាំចេញសម្លៀកបំពាក់នាំមុខគេទីពីរ។ ឆ្នាំក្រោយ យើងសង្ឃឹមថា នឹងនាំចេញផលិតផលសម្រាប់ធ្វើដំណើរ (travel product)។ យើងរីករាយចែករំលែកបទពិសោធន៍របស់យើង ដែលធ្វើការងារជាមួយទីផ្សារទិញដទៃៗទៀត និងជួយរោងចក្រកម្ពុជាបង្កើន សមត្ថភាពប្រកួតប្រជែង ផលិតភាព និងប្រសិទ្ធភាព»

សេចក្តីថ្លែងការណ៍របស់ដដែលរបស់ GMAC បន្ថែមទៀតថា ក្នុងលិខិត Walmart បានបញ្ជាក់ទៀតថា៖ «ភាពរីកចម្រើនរបស់យើង (Walmart) ក្នុងប្រទេសកម្ពុជាពឹងផ្អែកលើបរិយាកាសអាជីវកម្មរឹងមាំ។ ស្ថិរភាព ភាពអាចព្យាករណ៍បាន និងនីតិរដ្ឋ គឺជាភាពដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង ជុំវិញពិភពលោក ហើយធ្វើឲ្យយើងអាចធ្វើការប្តេជ្ញាចិត្តនិងវិនិយោគរយៈពេលវែងនៅក្នុងទីផ្សារមួយ»

ជាមួយគ្នានេះ GMAC បានចាត់ទុកលិខិតរបស់ក្រុមហ៊ុន Walmart គឺជាការគាំទ្ររ និងជាការរួមចំណែកដល់សហគមន៍អាជីវកម្ម និងវិនិយោគរបស់កម្ពុជា ដើម្បីគាំទ្រសេដ្ឋកិច្ចរបស់កម្ពុជា។ ជាងនេះទៀត កម្ពុជាក៏នឹងទំនងជា ទទួលអត្ថប្រយោជន៍ច្រើនផងដែរ ពីជំនាញរបស់ Walmart ដែលរួមមានការច្នៃប្រឌិត និងបច្ចេកវិទ្យាព្រមទាំងរបៀប ដែលវិស័យសម្លៀកបំពាក់និងស្បែកជើង ក្នុងសកលលោកប្រតិបត្តិ។

អ្នកនាំពាក្យសកម្មមួយរូបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានបញ្ជាក់ថា លិខិតរបស់ក្រុមហ៊ុន Walmart គឺជាសារវិជ្ជមាន ពីព្រោះមិនមានចំណុចណាមួយ ដែលកម្ពុជាខ្វះចន្លោះនោះឡើយ។ កម្ពុជាកំពុងមានទំនាក់ទំនងការទូត ជាប្រក្រតី ជាមួយសហរដ្ឋអាមេរិក ហើយក្រសួងក៏កំពុងសហការជាមួយអង្គការសហជីពរបស់សហរដ្ឋអាមេរិក ACILS ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានអង្គការ Solidarity Center មកពីទីក្រុងវ៉ាស៊ីនតោន នាពាក់កណ្តាលខែមករា ឆ្នាំ២០១៨ខាងមុខនេះផងដែរ។ ក្រសួងក៏បានត្រៀមនឹងចុះអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការគ្នាជាមួយអង្គការ ACILS របស់សហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។ លិខិតរបស់ក្រុមហ៊ុន Walmart គឺជាការលើកទឹកចិត្តដល់រោងចក្រ ក៏ដូចជាកម្មករនិយោជិត ដែលកំពុងធ្វើការនៅតាមបណ្តា រោងចក្រដែលផ្គត់ផ្គង់ផលិតផលដល់ក្រុមហ៊ុន Walmart។

ដូច្នេះការប៉ុនប៉ងបកស្រាយក្នុងន័យអវិជ្ជមាន ដើម្បីធ្វើឱ្យបាត់បង់ផលប្រយោជន៍ ឬឆ្នាំងបាយរបស់កម្មករនិយោជិតខ្មែរ ដោយបុគ្គលណាមួយគឺជាទង្វើរដែលត្រូវតែថ្កោលទោស និងជាទង្វើខ្វះការទទួលខុសត្រូវចំពោះកម្មករនិយោជិត និងក្រុមគ្រួសាររបស់កម្មករនិយោជិត។

លោក ហេង សួរ បានបន្ថែមថា កន្លងមកដៃគូពាណិជ្ជកម្មរបស់កម្ពុជា មានគោលនយោបាយមួយ យ៉ាងច្បាស់លាស់ គឺការផ្សារភ្ជាប់ពាណិជ្ជកម្មទៅ នឹងលក្ខខណ្ឌការងារ ហើយក៏ត្រូវបានរាជរដ្ឋាភិបាលគាំទ្រ និងបានអនុវត្តយ៉ាងស្មោះត្រង់តាមគោលនយោបាយពាណិជ្ជកម្មនេះ រហូតដល់អង្គការ ILO និងសហរដ្ឋអាមេរិកយកគំរូនេះទៅបញ្ចុះបញ្ចូល បណ្តាប្រទេសផ្សេងទៀតឱ្យទទួលយកគោលការណ៍នេះដែរ៕