(ភ្នំពេញ)៖ កម្មវិធីប្រកួត Techno Innovation Challenge 2017 ដែលរៀបឡើងចំដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានបញ្ចប់វគ្គផ្តាច់ព្រ័ត្រ នៅសាលាតិចណូ នេះ ដោយទទួលភាពជោគជ័យ លើសពីការរំពឹងទុក ការប្រកួតនេះ ជាការបង្កើតសមិទ្ធផល STEM ដែលមានភាពច្នៃប្រឌិត និងឆ្លើយតបនិង ដោះស្រាយបញ្ហា នៅក្នុងសង្គម មិនមែនគ្រាន់តែ ជាគំនិតអាជីវកម្ម ដែលរកប្រាក់ចំណេញនោះទេ គឺដើម្បីជួយជំរុញ ភាពច្នៃប្រឌិត សហគ្រិនភាព និងការប្រើប្រាស់ STEM កាន់តែល្អប្រសើរឡើង។
ឆ្នាំនេះទោះបីជាសាលាតិចណូ ទើបរៀបចំការប្រកួតនេះជាលើកទី១ក៏ដោយ ក៏កម្មវិធីមួយនេះទទួល បានការចាប់អារម្មណ៍ខ្លាំង និងមាននិស្សិតពីច្រើនស្ថាប័នអប់រំផ្សេងៗ ដាក់ពាក្យចួលរួមប្រកួតទៅដល់ ១២៦នាក់ ហើយបានបែងចែកជា១៥ក្រុម សម្រាប់ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ០៨ក្រុម ផ្តាច់ព្រ័ត្រ ដែលត្រូវបានជ្រើសរើស ដោយគណៈកម្មាធិការ ដែលមានចំណេះជំនាញ នឹងសុក្រិតភាពបំផុតលើផ្នែក នេះដើម្បីប្រកួតយក ជយលាភីនៅវគ្គផ្តាច់ព្រ័ត្រ ។ ការទទួលបានជោគជ័យនេះ ដោយមានដៃគូសហការក្រៅស្រុក ដូចជា គម្រោង USAID COMET ក្រុមហ៊ុន អ៊ីហ្ស៊ីខម សាកលវិទ្យាល័យ TEXAS សហរដ្ឋអាមេរិក ក្រុមហ៊ុន Intel និង Emarald HUB។
លោក ហួង សុភក្រ្ត័ដារ៉ា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុនអ៊ីហ្ស៉ីខម ដែលជាអ្នកឧបត្ថម្ភធំមួយក្នុងកម្មវិធីប្រកួតនេះ បានថ្លែងថា «ល្បឿន និងសន្ទុះនែការវិវដ្តផ្លាស់ប្តូរ នៅក្នុងសហសវត្សរ៍ចុងក្រោយនេះ មានល្បឿនលឿនរហ័សណាស់ ដូច្នេះ បើយើងចង់អភិវឌ្ឍប្រទេសអោយបានទាន់គេ ចង់ក្លាយជាអរិយៈប្រទេសដូចគេ យើងត្រូវមានទស្សនវិស័យវែងឆ្ងាយ ជាពិសេសយុវវ័យ ត្រូវមានចំណេះនិងជំនាញ ព្រមទាំងភាពច្នៃប្រឌិតខ្ពស់ផងដែរ។ ហើយការបណ្តុះនូវស្មារតីអភិវឌ្ឍខ្លួនឯងនេះ ក្នុងចំណោមយុវវ័យពេញវ័យនៅកម្ពុជា គឺមានសារសំខាន់ណាស់។ យើងឃើញមាននិន្នាការនេះខ្លះហើយ បើយើងក្រឡេកមើលទៅកំណើននៃសហគ្រិនវ័យក្មេង ឬអាជីវកម្មបែបទំនើប ជាដើម ប៉ុន្តែប៉ុននេះនៅមិនទាន់គ្រប់គ្រាន់ទេ។ យើងគួរគប្បីជំរុញ និងលើកស្ទួយសកម្មភាពទាំងនេះបន្ថែមទៅទៀត ហើយធ្វើយ៉ាងណាអោយចំគោលដៅ និងមានប្រសិទ្ធភាព»។
លោក ហួង សុភក្រ្ត័ដារ៉ា បន្ដថា «យើងសង្កេតឃើញថា បេក្ខជនបេក្ខនារីដែលចូលរួមប្រកួតតាមរយះកម្មវិធីមួយនេះ ពិតជាអាចពង្រឹង ជំនាញបច្ចេកទេស សហគ្រិនភាព ភាពច្នៃប្រឌិតថ្មីៗ សមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការធ្វើបទបង្ហាញ ឱ្យបានកាន់តែប្រសើរឡើង។ ថែមទាំងពង្រឹងជំនាញផ្នែកទន់ ដូចជាការបេ្តជ្ញាចិត្ត ភាពស្វាហាប់ សមត្ថភាពធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ និងភាពជឿជាក់លើខ្លូនឯងផងដែរ»។
ភាពជោគជ័យមួយរបស់កម្មវិធីនេះ គឺឃើញថាមាន ការចាប់អារម្មណ៏ពីក្រុមវិនិយោគទុនទៅលើក្រុម បេក្ខភាពរបស់កម្មវិធី ហើយសំខាន់ជាងនេះទៅទៀតនោះ គឺក្រុមផ្តាច់ព្រ័ត្រទាំង ៦ក្រុម នឹងធ្វើការងារ បន្តគម្រោងរបស់ពួកគាត់ ឲ្យទៅក្លាយជាសហគ្រិនវ័យក្មេង។
លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រសាសន៍លើកទឹកចិត្តដល់ ក្រុមបេក្ខភាពដែលចូលរួមប្រកួតថា៖ «ខ្ញុំសូមធ្វើការកោតសរសើរដល់ ក្មួយៗទាំងអស់ ដែលបានខិតខំចូលរួមប្រកួត ហើយឃើញថាធ្វើបានល្អគួរឲ្យកត់សម្គាល់។ តែត្រឹមនេះនៅមិនទាន់គ្រប់គ្រាន់ទេ ក្មួយៗត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវឲ្យស៊ីជម្រៅបន្ថែមទៀត ដើម្បីក្លាយជាសហគ្រិនវ័យក្មេងក្នុងផ្នែកSTEM ដែលជោគជ័យ»។
គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងបន្តចូលរួមលើកទឹកចិត្តនិងគាំទ្រដល់6ក្រុម ជាមួយនឹងការផ្គត់ផ្គង់ ការិយាល័យធ្វើការរួម និងការបណ្តុះបណ្តាលវគ្គខ្លីឲ្យពួកគាត់ រយៈពេល1ឆ្នាំពេញនៅសាលាតិចណូ ដោយឥតគិតថ្លៃ។ នៅឆ្នាំបន្ទាប់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតនេះទៀត ហើយនិងពង្រីកសហប្រតិបត្តិការ ជាមួយស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិលឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញ ភាពជាសហគ្រិនដល់និស្សិត ជាពិសេស និស្សិតវិស្វកម្មតែម្តង៕
Link to video: https://www.youtube.com/watch?v=E-oQO5RYxXw