(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានបើកសន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨នេះ ធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ ដោយមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីក្រសួងរៀបចំដែនដីជាច្រើននាក់ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ Garden City Phnom Penh រាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានថ្លែងថា សន្និបាតនេះ បានរៀបចំធ្វើឡើងស្របពេលដែលប្រជាជនកម្ពុជា កំពុងរស់នៅក្នុងសុខសន្ដិភាព សុវត្ថិភាព និងសណ្ដាបធ្នាប់សង្គមដ៏ល្អប្រសើរ និងចំពេលដែលកម្ពុជា បាននិងកំពុងកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងសន្ទុះយ៉ាងលឿន ជាពិសេសគឺការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្ដូរប្រាក់មានស្ថិរភាព និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅ ទូទាំងប្រទេស បានបន្ដបន្ទាប់ តាមរយៈ «យុទ្ធសាស្ដ្រចតុកោណ» ដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវារៈនៃគោលនយោបាយ អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
តាមការគ្រោងទុក ពិធីបិទសន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕