(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាននៃក្រុមការងារដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះថា ការសិក្សាស្រាវជ្រាវ ដើម្បីពិនិត្យលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនមែនសំដៅបង្កើនអំណាចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ តែគឺជាការធ្វើកំណែទម្រង់មួយ ទៅលើរចនាសម្ព័ន្ធនៃសមាសភាពរដ្ឋាភិបាល ដែលអាចចាត់ទុកជាផ្នែកមួយផងដែរនៃកំណែទម្រង់អភិបាលកិច្ចនៅក្នុងអង្គនីតិប្រតិបត្តិ។ កំណែទម្រង់នេះ នឹងធ្វើឲ្យចំនួនសមាសភាពរាជរដ្ឋាភិបាលថយចំនួន ដែលកន្លងមកធ្លាប់តែមានការរិះគន់ថា គណៈរដ្ឋមន្ត្រីមានចំនួនច្រើន។
លោក កើត រិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ការសិក្សាស្រាវជ្រាវដើម្បីត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏គ្មានគោលបំណងអ្វី ក្រៅពីគិតគូរទៅការតម្កល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំនោះទេ។
ការលើកឡើងរបស់លោក កើត រិទ្ធ បែបនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីធ្វើការសិក្សា ស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមរយៈព្រះរាជក្រឹត្យ។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង កាលពីដើមខែធ្នូ ដែលសម្រេចបង្កើតក្រុមការងារ ចម្រុះមួយនេះបានឲ្យដឹងថា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាក្រុមអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាដើម៕