(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយ នាថ្មីៗនេះ ដើម្បីផ្តល់ជំនួយសម្ភារបរិក្ខាចំនួន៣០មុខ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ឱ្យដឹងថា សម្ភារទាំងនោះ នឹងក្លាយជំនួយថ្មីលើកដំបូងរបស់រដ្ឋាភិបាលចិន ចាប់តាំងពីប្រទេសមហាយក្សនេះ បានប្រកាសផ្តល់ជំនួយដល់ការបោះឆ្នោតកម្ពុជាកន្លងមក ក្រោយពេលអឺរ៉ុប និងអាមេរិកផ្តាច់ជំនួយមក ប៉ុន្តែសម្ភារៈទាំងនោះមិនទាន់បញ្ជូនមកដល់គ.ជ.ប នៅឡើយទេ។
បើតាមសេចក្តីប្រកាសគ.ជ.ប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ បានឱ្យដឹងថា សម្ភារៈបរិក្ខាដែលចិនព្រមព្រៀងផ្តល់ជូនកម្ពុជានេះ រួមមានដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនថតចម្លង កាមេរ៉ា រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាដើម ខណៈដែលការប៉ាន់ប្រមាណជាទឹកប្រាក់ មិនទាន់អាចធ្វើបាននៅឡើយទេ។
សូមបញ្ជាក់ថា ការចូលខ្លួនផ្តល់ជំនួយដល់គ.ជ.បរបស់ មហាយក្សចិន បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ុប ប្រកាសផ្អាកជំនួយផ្សេងៗ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ក្រោយពីតុលាការកំពូល កាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។
ក្រោយកិច្ចព្រមព្រៀងនេះ ភាគីចិន បានសន្យាថា នឹងបន្តផ្តល់ជំនួយដល់គ.ជ.ប បន្ថែមទៀត សម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ឱ្យប្រព្រឹត្តទៅដោយរលូន មានភាពត្រឹមត្រូវមានតម្លាភាព និងគណនេយ្យភាព។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតសំខាន់ៗចំនួនពីរនៅក្នុងឆ្នាំ២០១៨ ខាងមុននេះ ក្នុងនោះមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤ ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា។ ការបោះឆ្នោតទាំងពីនេះ កម្ពុជាគ្រោងនឹងចំណាយប្រមាណជាង៥០លានដុល្លារ គណៈដែលទឹកប្រាក់នេះ ត្រូវបានកម្ពុជា ត្រៀមនិងអនុម័តរួចរាល់ហើយដែរ៕