(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដឹកនាំមហាសន្និបាត សមាគមមិត្តនគរបាលអាណត្តិទី៤។
មហាសន្និបាតនេះ ក៏មានការចូលរួមពីសមាជិកសមាគមនគរបាល ដែលសុទ្ធតែជាថ្នាក់នគរបាលជាតិជាច្រើនទៀតផងដែរ ដែលរៀបចំឡើងនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា សមាគមមិត្តនគរបាល បានដំណើរការអស់រយៈពេល៣អាណត្តិមកហើយ ក្នុងអាណត្តិទី៣នេះ សមាគមទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការកណ្ដាល គណៈកម្មាធិការមូលដ្ឋាននៅតាមនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ ធ្វើឲ្យមន្ដ្រីនគរបាលទាំងអស់មានជំនឿជឿជាក់លើសមាគមមិត្តនគរបាលជាតិកម្ពុជា។
បើតាមរបាយការណ៍ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិកចំនួន៦៦,៣៦២នាក់ ក្នុងនោះមានមន្ដ្រីនគរបាលចូលនិវត្តន៍ចំនួន ៨៦១០នាក់ និងមន្ដ្រីនគរបាលពិការដែលស្ម័គ្រចិត្ដនៅបន្ដជាសមាជិកភាពរបស់សមាគម២នាក់៕