(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការ តាមរយៈព្រះរាជក្រឹត្យ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង កាលពីដើមខែធ្នូ ដែលសម្រេចបង្កើតក្រុមការងារចម្រុះមួយនេះបានឲ្យដឹងថា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិក៨រូបទៀត ដែលសុទ្ធសឹងតែជាក្រុមអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាដើម។ (បញ្ជីឈ្មោះក្នុងសេចក្តីប្រកាស)
ក្រុមការងារថ្មីនេះមានភារកិច្ចជាសេនាធិការរបស់នាយករដ្ឋមន្ត្រី ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ ស្របតាមមាត្រា ១៥១ថ្មី និងមាត្រា ១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។
សូមជំរាបថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីបំណងរបស់សម្តេច ចង់បង្រួមគណៈរដ្ឋមន្ត្រី។ ក្នុងនោះរដ្ឋាភិបាលគ្រោងនឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមរយៈព្រះរាជក្រឹត្យ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាទៀតនោះទេ៕