(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍មួយ បំភ្លឺអំពីទំនាក់ទំនងខ្លួន ជាមួយគណបក្សកុម្មុយនីស្តចិន។
ជាមួយគ្នានេះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានបញ្ជាក់យ៉ាងច្បាស់ថា រហូតដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច មិនដែលទទួលបានជំនួយហិរញ្ញវត្ថុម្តងណាឡើយ ពីគណបក្សកុម្មុយនីស្តចិននោះឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទូលបាននៅយប់នេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សដែលធ្លាប់ឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣មួយនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយអ្នកវិភាគ និងសារព័ត៌មានមួយចំនួន ទៅលើបន្ទូលរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនេះ ក្នុងពេលជួបជាមួយប្រតិភូចិនដែលដឹកនាំដោយលោក វ៉ាង វៃគួង ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចិន នៅសណ្ឋាគារ intercontinental កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងជំនួបនោះ សម្តេចក្រុមព្រះបានស្នើឱ្យភាគីចិនជួយឧបត្ថម្ភដល់គណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងដុនដាបខ្សត់ខ្សោយនាពេលនេះ ខណៈដែលបក្សដ៏ចំណាស់មួយនេះ កំពុងឈរនៅលេខរៀងជាបក្សធំ២ នៅក្នុងប្រទេសកម្ពុជា ក្រោយតុលាការកំពូល កាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែសំណើរបស់សម្តេចក្រុមព្រះត្រូវបានអ្នកវិភាគ លោក មាស នី ចាត់ទុកថា គឺខុសនឹងច្បាប់គណបក្សនយោបាយថ្មី ហើយបានប្រៀបធៀបទៅនឹងករណីរំលាយគណបក្សសង្រ្គោះជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍១ទំព័រ នៅយប់នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា៖ «គណបក្សហ៊្វុនស៊ិនប៉ិច ពុំដែលបានទទួលវិភាគទាន គឺជំនួយជាហិរញ្ញវត្ថុពីបក្សកុម្មុយនីស្តចិនម្តងណាឡើយ ហើយបក្សកុម្មុនីស្តចិន ក៏មិនដែលផ្តល់វិភាគទានខាងលើដល់គណបក្សហ៊្វុនស៊ិនប៉ិចនោះដែរ»។
គណបក្សដែលបង្កើតឡើងដោយព្រះបរមរតនកោដ្ឋនេះ ក៏បានបញ្ជាក់ទៀតថា នៅក្នុងជំនួបជាមួយភាគីចិន នៅសណ្ឋាគារ intercontinental សម្តេចក្រុមព្រះ បានមានព្រះបន្ទូលប្រាប់ចិន ពីចំណងមេត្រីភាពរវាង ព្រះបរមរតនកោដ្ឋ ជាមួយថ្នាក់ដឹកនាំគ្រប់ជំនាន់របស់បក្សកុម្មុយនីស្តចិន។ សម្តេចក្រុមព្រះ បានថ្លែងអំណរគុណមហាមិត្តចិន ដែលបានជួយពិនិត្យ ព្រះរាជសុខភាព និងព្យាបាលព្រះរោគថ្វាយ ព្រះមហាក្សត្រ និងហ្លួងម៉ែ។ ក្រៅពីនេះ គណបក្សកុម្មុយនីស្តចិន ធ្លាប់ផ្តល់ជំនួយជាម៉ាស៊ីនជីកអណ្តូង ម៉ាស៊ីនបូមទឹក គ្រឿងម៉ាស៊ីនកសិកម្ម ដែលត្រូវបានខូចខាតអស់ហើយ និងឧបករណ៍ផ្សេងៗតាមរយៈគណបក្សហ៊្វុនស៊ិនប៉ិច កាលពីនៅក្នុងរាជរដ្ឋាភិបាលជម្រុះ ក្នុងអាណត្តិទី១ម៉្លេះ៕