(កណ្តាល)៖ រយៈពេលប្រមាណ៤ថ្ងៃហើយ ដែលការប្រមូលផលត្រីប្រហុកកំពុងធ្វើឡើងយ៉ាងសស្រាកសស្រាំនៅតាមដាយនានាលើដងទន្លេសាបក្នុងឃុំកំពង់ហ្លង ស្រុកពញាឭ ខេត្តកណ្តាល។ ការប្រមូលផលត្រីប្រហុកនៅឆ្នាំ២០១៧នេះ ទទួលបានផលល្អប្រសើរជាងឆ្នាំកន្លងទៅ ខណៈដែលប្រជាពលរដ្ឋក៏កំពុងសម្រុក នាំគ្នាទៅធ្វើប្រហុក ដើម្បីទុកបរិភោគនារដូវវស្សានៅឆ្នាំក្រោយ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានជិះទូកចុះមើលការប្រមូលត្រីប្រហុកនៅតាមដាយនានា ព្រមទាំងបានចុះមើលការធ្វើត្រីប្រហុករបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោក វេង សាខុន បានគូសបញ្ជាក់ថា ការប្រមូលត្រីប្រហុកនៅឆ្នាំនេះ មានផលល្អប្រសើរជាងឆ្នាំកន្លងទៅ។ ការដែលប្រមូលផលត្រីប្រហុកបានច្រើននេះ ដោយសារតែឆ្នាំនេះមានទឹកធំ និងមួយវិញ គឺដោយសារមានការបង្រ្កាបបទល្មើសនេសាទបានច្រើន។
ប្រជាពលរដ្ឋដែលទៅធ្វើត្រីប្រហុកភាគច្រើនមកពីខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកណ្តាលជាដើម។ បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរចេញ ពីផ្ទះរបស់ពួកគេ តាំងព្រឹកព្រលឹមតាមមធ្យោបាយរៀងៗខ្លួន ដូចជារថយន្ត និងម៉ូតូជាដើម។
តាមការសាកសួរបងប្អូនប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានមកធ្វើប្រហុកនេះជារៀងរាល់ឆ្នាំ ដើម្បីទុកសម្រាប់ហូបនៅរដូវវស្សា ដែលជារដូវបង្កបង្កើនផល។ ត្រីដែលទិញមកធ្វើប្រហុកនេះ មួយគីឡូថ្លៃប្រមាណ ១,៦០០រៀល។
បងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមួយគ្រួសារធ្វើប្រហុកទៀបបំផុត ៥០គីឡូក្រាម សម្រាប់ទុកហូបពេញមួយរដូវវស្សា គ្រួសារខ្លះហូបអស់ ហើយខ្លះទៀត ក៏ហូបមិនអស់ផងដែរ៕
សូមទស្សនាវីដេអូបទសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋ នៅកន្លែងធ្វើប្រហុកក្នុងឃុំកំពង់ហ្លង ស្រុកពញាឭ ខេត្តកណ្តាល៖