(ភ្នំពេញ)៖ អាជ្ញាធខណ្ឌ៧មករា ដឹកនាំដោយលោក លឹម សុភា ជាអភិបាលខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដែលកើតឡើងដោយសារការរំលោភយកចិញ្ចើមផ្លូវដាក់តាំងលក់ ការចតយាន្តយន្តផ្សេងៗ បង្កឲ្យអ្នកដំណើរថ្មើរជើង ទៅដើរលើដងផ្លូវ ដែលអាចជួបហេតុគ្រោះថ្នាក់ ឬស្ទះចរាចរណ៍ផងដែរ។
អភិបាលខណ្ឌ៧មករាលោក លឹម សុភា ខណៈកំពុងដឹកនាំកម្លាំង ដោយមានអភិបាលរងលោក ហៀក ចាន់លាង ផងដែរនោះ បានឲ្យដឹងនាល្ងាចថ្ងៃទី២៧ ខែធ្នូនេះថា លោកដឹកនាំចុះប្រតិបត្តិការនេះ នៅលើដងផ្លូវចំនួន៥ ក្នុងខណ្ឌ ក្រោយស្មារតីកិច្ចប្រជុំនិងបែងចែកការទទួលខុសត្រូវចំពោះផ្លូវ១១ខ្សែ ក្នុងរាជធានីភ្នំពេញ ដែលអភិបាលរាជធានី លោក ឃួង ស្រេង ប្តេជ្ញាថា និងត្រូវធ្វើឲ្យបានជាដាច់ខាត ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង ការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈពេលនេះ គឺធ្វើឡើងតាមបណ្តោយផ្លូវព្រះសីហនុ ចាប់ពីចំណុចភ្លើងស្តុបពេទ្យចិន រហូតដល់ចំណុចស្តុបវត្តមហាមន្ត្រី ដោយធ្វើការបាញ់ថ្នាំពណ៌ កំណត់ព្រំដែនដាក់តាំងម៉ូតូលក់ មិនឲ្យហួសដែលអាជ្ញាធរបានកំណត់។
លោក លឹម សុភា បានបញ្ជាក់ថា បើសិនជាបងប្អូន អាជីវករប្រកបអាជីវកម្មលក់ដូរម៉ូតូនេះ នៅតែរឹងចចេសដាក់តាំងលក់ហួសគំនូស ហើយអាជ្ញាធរណែនាំ និងធ្វើកិច្ចសន្យាម្តងជាពីរហើយនោះ អាជ្ញាធរនឹងអនុវត្តតាមខ្លឹមសារណែនាំរបស់សាលារាជធានី ដោយរឹបអូសយកសម្ភារទៅសាលាខណ្ឌតែម្តង។
ជាការស្វាគមន៍ប្រជាពលរដ្ឋមានការសាទរគាំទ្រ និងថ្លែងអំណរគុណចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ហើយក៏ស្ម័គ្រចិត្តក្នុងការចូលរួម ដើម្បីកាត់បន្ថយការកកស្ទៈចរាចរណ៍ក្នុងទីក្រុងផងដែរ។
គួរបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងក្នុងកិច្ច ប្រជុំនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានដាក់ចេញនៅផែនការ ដើម្បី រៀបចំ សណ្តាប់ធ្នាប់ផ្លូវធំៗ ចំនួន១១ខ្សែរដើម្បីកាត់បន្ថយការកក ស្ទះចរាចរណ៍ដោយសារតែ មាន ការរំលោភយកផ្លូវធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ផ្លូវទាំងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម ព្រមទាំងវិថីមុនីរ៉េត ហ្សាដឺហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០៕