(ភ្នំពេញ)៖ ស្ថានីយ៍ទូរទស្សន៍ Town បានប្រកាសដាក់ឲ្យដំណើរការកម្មវិធី ជាង១០កម្មវិធី នាដើមឆ្នាំ២០១៨ ខាងមុខនេះ មានទាំងកម្មវិធីកម្សាន្ត វិទ្យាសាស្រ្ត អបិយជំនឿ ភាពយន្ត ល្ខោនទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀត ដោយសុទ្ធសឹងតែទាក់ទាញ។

ការប្រកាសដាក់ឲ្យដំណើរការកម្មវិធី ថ្មីៗទាំង១០នេះ បានរៀបចំធ្វើឡើង នៅក្នុងបរិវេណក្លិបកម្សាន្ត Town ដែលមានទីតាំងក្រោយក្រសួងអភិវឌ្ឍជនបទរាជធានីភ្នំពេញ ដោយមានការ ចូលរួមសុទ្ធតែតារាលំដាប់ល្បីឈ្មោះ តារាចម្រៀងថោន និងតារាសម្តែងនៅបណ្តាកម្មវិធីនានា របស់ស្ដានីយ៍ទូរទស្សន៍ Town បង្កើតឡើង នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។

លោក ផុស សុវណ្ណ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្រសួង​ព័ត៌មាន បានថ្លែងថា Town បានផលិតកម្មវិធី និងភាពយន្តខ្មែរច្រើន ជំនួសដោយភាពយន្តបរទេស។ លោកគាំទ្រ «ដល់ស្ថានីយ៍ទូរទស្សន៍មួយនេះ និងសូមសំណូមពរដល់ស្ថានីយ៍ទូរទស្សន៍ដទៃទៀត ផលិតភាពយន្តខ្មែរឲ្យបានច្រើន ដើម្បីគាំទ្រដល់សិល្បៈករខ្មែរយើង»។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងដែរថា ទូរទស្សន៍ Town បានបង្ហាញនូវកម្មវិធី ថ្មីៗប្រមាណជា១០កម្មវិធី សម្រាប់ឆ្នាំ២០១៨ មានទាំងកម្មវិធីកម្សាន្ត វិទ្យាសាស្រ្ត អបិយជំនឿ ភាពយន្ត ល្ខោនទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀត ទាំងនេះ គឺជាអ្វីដែលក្រសួងព័ត៌មាន ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាល កំពុងត្រូវការឲ្យស្ថាប័នផ្សេងខិតខំ ផលិតកម្មវិធីដែលជារបស់ខ្លួនឯង។

លោក ប៊ុន រតនា ហៅសេម នាយកគ្រប់គ្រងការផលិត បានបង្ហាញការជឿជាក់ថា ក្នុងចំណោមកម្មវិធីដែលផលិតឡើង ប្រមាណ១២កម្មវិធីសុទ្ធតែទាក់ទាញ។ កម្មវិធីដែលកំពុងល្បី នោះគឺ កម្មវិធី «ដូច្នឹងផង» គឺពេញនិយម ហើយមានកម្មវិធី កម្សាន្តប្លែកទៀតនោះ ពិតជាលេចធ្លោហោចណាស់៥ ទៅ៦កម្មវិធី។

លោក ប៊ុន រតនា បន្តទៀតថា Town មិនខ្លាចក្នុងការចំណាយទុន លើការផលិតកម្មវិធីថ្មីៗនោះទេ កម្មវិធីទាំងនេះ មានដូចជា កម្មវិធី «បាក់ចង្កេះ» កម្មវិធី «មួយណាជាការពិត» កម្មវិធី «សមរភូមិបៃតង» កម្មវិធី «អ្នកក្លាហានស្រុកខ្ញុំ» កម្មវិធី «កំប្លែងហ្មង» កម្មវិធី «អន្ទិតព្រោក អន្ទិតប្រាជ្ញ» ជាដើម។

សូមជម្រាបថា ស្ថានីយ៍ទូរទស្សន៍ Town ក៏បានរៀបចំបង្ហាញស្នាដៃខ្សែភាពយន្តចំនួន២រឿង ជារឿងភាគដែលជាស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ឋា គឺរឿង «សម្បត្តិបុរស» និងរឿង «រៃមាស» ដែលជឿជាក់ខ្ពស់ថា ពិតជាឆក់អារម្មណ៍អ្នកទស្សនា ស្របពេលរឿងទាំង២នេះ ឆ្លុះបញ្ចាំងពីសង្គមខ្មែរ ហើយតួសម្តែង ក៏សម្រាំងយកទេពកោសល្យទៀតផង៕