(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានចុះត្រួតពិនិត្យដោយផ្ទាល់នូវកិច្ចការពារព្រំដែន និងសាកសួរសុខទុកកងទ័ពនៃកងពលតូចលេខ១២៨ ដែលកំពុងឈរជើងការពារទឹកដីនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឺងត្រែង។

ដំណើរចុះត្រួតពិនិត្យកិច្ចការពារព្រំដែន បានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមានការអមដំណើរពីឧត្តមសេនីយត្រី មៀច សាមុត មេបញ្ជាការកងពលតូចលេខ១២៨ ព្រមទាំងនាយទាហានជាច្រើនរូបផ្សេងទៀត។

ឧត្តមសេនីយ៍ឯក ហួត ឈាង ជារឿយៗតែងតែបានចុះទៅកាន់តំបន់អូរអាឡៃ និងអូរតាង៉ាវ ដើម្បីតាមដានស្ថានភាពនៅតំបន់ព្រំដែននេះដោយផ្ទាល់ ហើយក៏ដូចជាបានស្វែងយល់ពីសុខទុក្ខរបស់កងទ័ពដែលកំពុងឈរជើងកណ្តាលព្រៃនេះផងដែរ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហួត ឈាង បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់កងទ័ពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ មេបញ្ជាការយោធភូមិភាគទី១រូបនេះ ក៏បានថ្លែងដាស់តឿនឲ្យកងទ័ពទាំងនៅព្រំដែនខ្មែរ-ឡាវ ក្នុងតំបន់អូរអាឡៃ និងអូរតាង៉ាវ យកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការពារទឹកដី។

លោក ហួត ឈាង ក៏បានក្រើនរំលឹកដល់កងទ័ពឲ្យយកចិត្តទុកដាក់ថែទាំសុខភាពផងដែរ គ្រាដែលអាកាសធាតុកំពុងចុះត្រជាក់។

សូមបញ្ជាក់ថា តំបន់អូរអាឡៃ និងអូរតាង៉ាវ ជាទីតាំងដែលកងទ័ពឡាវធ្លាប់បានចូលមកកាន់កាប់។ បន្ទាប់ពីមានការចរចាដោយសន្តិវិធីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ កងទ័ពឡាវ បានព្រមដកខ្លួនទៅវិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

ក្រោយកងទ័ពឡាវព្រមដកខ្លួនទៅវិញសម្តេចតេជោ ហ៊ុន សែន ក៏បានបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ដែលជាលេខតំណាងឲ្យថ្ងៃខែ នៃការដកខ្លួនរបស់កងទ័ពឡាវ ហើយបានយកកងទ័ពចូលទៅគ្រប់គ្រងតំបន់នោះយ៉ាងរឹងមុំា៕