ជនសង្ស័យម្នាក់ ប្រដាប់ដោយអាវុធមួយដើម ចូលប្លន់ផ្ទះប្ដូរប្រាក់នៅកណ្ដាលក្រុងបាត់ដំបង តែមិនបានសម្រេច ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចេញអន្ដរាគមន៍
27-12-2017 17:52
(បាត់ដំបង)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ មានជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធខ្លីមួយដើម ចូលប្លន់ផ្ទះប្ដូរប្រាក់មួយកន្លែងនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តែមិនបានសម្រេច។
បើតាមសេចក្ដីរាយការណ៍ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ចៅ កុងហ្វាន់ អាយុជាង៤០ឆ្នាំ និងមានប្រពន្ធឈ្មោះ គង់ សុផា អាយុជាង៤០ឆ្នាំ ដោយមុនពេលកើតហេតុ ជនសង្ស័យខាងលើប្រដាប់ដោយអាវុធខ្លីមួយដើមមិនស្គាល់ បានដើរចូលទៅក្នុងផ្ទះដូរលុយខាងលើ រួចបានប្រតាយប្រតប់ជាមួយកូនម្ចាស់ផ្ទះ ស្រាប់តែផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចេញអន្ដរាគមន៍ ទើបជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់ ដោយមិនបានយកលុយ ឬសម្ភារៈផ្សេងទៅជាមួយនោះទេ។
យ៉ាងណាមិញសម្រាប់ករណីខាងលើនេះ កម្លាំងនគរបាលជំនាញ និងកម្លាំងអាវុធហត្ថខេត្ត កំពុងតែធ្វើការស្រាវជ្រាវ និងកត់កំណត់ហេតុ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕