(ភ្នំពេញ)៖ ជាថ្មីទៀតនោះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រះមហា តែម ម៉ាច តំណាងព្រះទេវត្ថា ពឿយ មេត្តា ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា បានមានថេរៈដិកាអំពាវនាវ ដល់ពុទ្ធបរិស័ទចូលរួមដើម្បីចាប់មគ្គផល ដើម្បីជាកុសលក្នុងបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តខ្មែរលុម្ពិនី ភូមិលុម្ពិនី ស្រុករូបប៉ិនដេល្លី ភាគខាងត្បូង នៃប្រទេសនេប៉ាល់។
ព្រះមហា តែម ម៉ាច បន្តថា ក្នុងការរៀបចំបុណ្យ បញ្ចុះសីមានេះ មានការអញ្ជើញជាអធិបតីពីលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះបើពុទ្ធបរិស័ទមានបំណងចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមាជាប្រវត្តិសាស្ត្រលើទឹកដី ពុទ្ធភូមិ កន្លែងព្រអង្គប្រសូត្រ សូមនិមន្ត អញ្ជើញចុះព្រះនាម ចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និងចេញដំណើរពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ និងសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 017 293 059 និងលេខ 017 474 742។
គួររំលឹកដែរថា កម្មវិធីបុណ្យប្រារព្ធធ្វើ៤ថ្ងៃ ៣យប់ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ១២-១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦-២៨ ខែកុម្ភៈ គ.ស២០១៨។
ដើម្បីទ្រទ្រង់បុណ្យបញ្ចុះខណ្ឌសីមា វត្តខ្មែរលុម្ពិនី ក្នុងការបោះពុម្ពសៀវភៅ និងថង់យាមសម្រាប់ព្រះសង្ឃចំនួន១០០០អង្គ ដែលនិមន្តមកពី១៨ប្រទេស ទាំងជាតិ និងអន្តរជាតិនោះ ព្រះអង្គ បានអំពាវនាវចូលជាបច្ច័យជួយទ្រទ្រង់ក្នុងការចំណាយ ដោយក្នុងនោះ៖ ថង់យាមចំនួន១០០០ ដោយមួយតម្លៃ៤៨០០០រៀល, សៀវភៅចំនួន២០០០ក្បាល មួយតម្លៃ៨០០០រៀល, គោមប្រទីបបូជាពាក់កណ្តាលពុទ្ធសាសនា ចំនួន២៥៦១គោម មួយតម្លៃ ២០,០០០រៀល និងទង់សាសនា ចំនួន ២៥៦១ទង់ មួយតម្លៃ៤៥០០រៀល ព្រមទាំងថ្លៃចំណាយលើចង្ហាន់ព្រះសង្ឃ និងសមាជិកចូលរួម ចំនួន៤ថ្ងៃ ប្រមាណ២ម៉ឺនដុល្លារ, ចំណាយលើសេវាកម្មរៀបចំកម្មវិធីបុណ្យ ចំនួន១ម៉ឺនដុល្លារ និងចំណាយផ្សេងៗ ប្រមាណ២ម៉ឺនដុល្លារទៀត។
បើតាមព្រះមហា តែម ម៉ាច អាស្រ័យដូចក្រាបបង្គំទូលថ្វាយប្រគេន ចំរើនពរ និងជំរាបជូនខាងលើ សូមយាង និមន្ត និងអញ្ជើញ សម្តេច ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ទ្រង់ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ ក្នុង និងក្រៅប្រទេស មេត្តាចូលរួមចាប់មគ្គផលយកផល្លា និសង្ឃតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន៕