(កែប)៖ លោកឧកញ៉ា ឈិន យ៉ុងសៀង បានឆ្លើយតបទៅនឹងសំណួររបស់សម្តេចតេជោ ហ៊ុន សែនថា គោលបំណងចំបងរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺគាំទ្រកិច្ចអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ជួយជ្រោមជ្រែងដល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ឲ្យបានជោគជ័យ ស្របពេលដែលបង្កើតប្រាក់ចំណេញ ក្រុមហ៊ុនក៏សកម្ម ក្នុងការអនុវត្តគោលការ៤ ធំរបស់ខ្លួន គឺសុខុមាលភាពសង្គម សប្បុរសធម៌ កាយសម្បទា និងកិត្យានុភាពជាតិ។
លោកឧកញ៉ា ឈិន យ៉ុងសៀង បានថ្លែងបែបនេះ ឱកាសលោករួមជាមួយក្រុមងារងារឆ្លើយ នឹងសំណួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញពិនិត្យមើលស្តង់ដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនឆ្នោត កីឡាជាតិព្រមទាំងបានជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ជាមួយលោកឧកញ៉ា ឈិន យ៉ុងសៀង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឆ្នោតកីឡាជាតិ។ ក្រោមប្រធានបទ ឆ្នេរសមុទ្របៃតង អនាគតគឺបច្ចុប្បន្ន ពិធីបុណ្យសមុទ្រលើកទី៦ បានប្រារព្ធពិធីបិទនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តកែប។
លោកឧកញ៉ា ឈិន យ៉ុងសៀង បានបន្តថា ក្នុងនាមជាអ្នកឧបត្ថម្ភដ៏សំខាន់មួយ នៃពិធីបុណ្យសមុទ្រ ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានឧបត្ថម្ភ២ឆ្នាំជាប់ៗ គ្នាដល់ការប្រកួតកីឡាទាំងអស់ នាអំឡុងពេលបុណ្យសមុទ្រ។ លោក ថោង ខុន បានបញ្ជាក់ទទួលស្គាល់ក្រុមហ៊ុនឆ្នោត កីឡាជាតិពិតជាបានគាំទ្រ និងសកម្មក្នុងការចូលរួម ពិធីបុណ្យសមុទ្រ។
លោកឧកញ៉ា បានបន្តថា «ក្រុមហ៊ុនយើងបានព្យាយាមធ្វើឲ្យសម្រេចនូវការសន្យាពីដំបូងរបស់ខ្លួនខណៈពេលក្រុមហ៊ុន ខិតខំប្រឹងប្រែង ក្នុងអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន ក្នុងដំណើរការប្រមូលថវិកាសម្រាប់មូលនិធិកីឡា ក្រុមហ៊ុនក៏មិនភ្លេចពីបេសកម្មរបស់ខ្លួន ប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការសងត្រលប់ទៅឲ្យសង្គមវិញ»។
លោកឧកញ៉ា បានបញ្ជាក់ថា ដើម្បីផ្សព្វផ្សាយកាន់តែទូលំទូលាយ ដល់ព្រឹត្តការកីឡាអាស៊ីអាគ្នេយ៍២០២៣ ក្រុមហ៊ុននឹងយកឆ្នោតធ្វើជាប្រធានបទ ដាក់លក់ឆ្នោតមួយប្រភេទ ដើម្បីផ្សព្វផ្សាយពីពហុកីឡាដ្ឋាននេះ ស្របពេលដែលក្រុមហ៊ុនក៏ត្រឹមរៀបចំបង្កើតស្ថានីយ៍ទូរទស្សន៍កីឡាអូឡាំពិកជាតិ ដោយយកស្ថានីយ៍នេះជាវេទិកាផ្សាយផ្ទាល់ និងផ្សាយបន្តកម្មវិធីកីឡាក្នុងប្រទេស និងអន្តរជាតិដើម្បីឲ្យប្រជាពលរដ្ឋកាន់តែច្រើនងាកមក ស្រឡាញ់កីឡា និងចូលរួមហាត់កីឡារួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។
ប្រធានក្រុមហ៊ុន ឆ្នោតកីឡាជាតិ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងបន្តគាំទ្រជានិច្ចពីព្រោះពិធីបុណ្យសមុទ្រមិនត្រឹមតែជាការដាក់តាំង បង្ហាញនិមិត្តរូបប្រទេសកម្ពុជា ហើយក៏ជាច្រកទ្វាមួយសម្រាប់ផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរ និងវិស័យកីឡា៕