(ភ្នំពេញ)៖ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ លោក លី ឆេង និងលោកស្រី បានប្រគល់ពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍១០០% និងរង្វាន់លើកទឹកចិត្តដល់បុគ្គលិកបម្រើការងារ១០ឆ្នាំ ចំនួន៧២រូប សម្រាប់ឲ្យកូនរបស់គាត់រៀនថ្នាក់ចំណេះទូទៅ ភាសាអង់គ្លេសទូទៅ និងបរិញ្ញាបត្រ នៅសាលាប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនៈក្រៃលែង។
សូមជម្រាបថា ក្នុងកម្មវិធី ដែលបានធ្វើនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ មានការចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់ នៃប៊ែលធី គ្រុប ចំនួន២,១៨៧នាក់ផងដែរ៕