(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានជំរុញដល់មន្ត្រីមូលដ្ឋានចាប់តាំងពីថ្នាក់ស្រុក-ឃុំ ភូមិ និងមន្តី្រនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវតែបន្តការខិតខំប្រឹងប្រែងផ្តល់ភាពកក់ក្តៅ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនដូចជាម៉ែ ជាឪគេ កុំយកតួនាទីទៅគៀបសង្កត់ បង្កការថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំ។
លោក ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកកណ្តៀង ដោយបានការចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំមេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការជុំវិញស្រុកជិត៥០០នាក់ ស្ថិតនៅបរិវេណសាលាស្រុកកណ្តៀង។
លោក ម៉ៅ ធនិន បានក្រើនរំលឹក ដល់មន្ត្រីមូលដ្ឋានទាំងអស់ដែលមានតួនាទីរដ្ឋត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀតគប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារទាំងផ្លូវរដ្ឋ និងទាំងផ្លូវមហាមេគ្រួសារ ដូចនេះត្រូវប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គីចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទីភារកិច្ច ដែលរដ្ឋប្រគល់ជូនទៅធ្វើអាជីវកម្ម បក្ខពួកគ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក ម៉ៅ ធនិន បានសម្តែងការកោតសរសើរដល់លោក ផាយ ឡេង អតីតជាអភិបាល នៃគណៈអភិបាលស្រុកកណ្តៀង ត្រូវបានផ្ទេរភារកិច្ច ជាអភិបាល នៃគណៈអភិបាលស្រុកបាកាន ដែលកន្លងមកលោកបានខិតខំបំពេញតួនាទីភាកិច្ចទទួលបានជោគជ័យ គឺជាមោទនភាពខ្ពស់បំផុត។ ចំពោះលោក ឆាយ គឹមម៉ុង បានមកទទួលភារកិច្ចបន្ត ក៏គ្មានអ្វីគួរឲ្យជួបបញ្ហាស្មុគស្មាញច្រើននោះឡើយកត្តាដែលសំខាន់នោះ គឺយើងរួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ។
លោក ឆាយ គឹមម៉ុង ក៏បានសម្តែងការតបស្នងសងគុណ និងធ្វើការប្តេជ្ញាចិត្ត ខិតខំថែរក្សាការពារសមិទ្ធិផល អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព កសាងទំនាក់ទំនងល្អជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិព្រះសង្ឃ និងប្រជាពលរដ្ឋ ឲ្យដូចជាគ្រួសារតែមួយ។ ជាមួយគ្នានោះលោកបានប្តេជ្ញាថានឹងថែរក្សាធ្លុងសាមគ្គី ឯកភាពផ្ទៃក្នុង និងខិតខំរៀនសូត្រ លើកកម្ពស់សមត្ថភាព គុណធម៌បន្ថែមទៀត ដើម្បីសម្រេចភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជនឲ្យអស់ពីចិត្តពីថ្លើម។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃដល់អ្នកចូលរួម ជិត៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ ជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ផងដែរ៕